វៀតណាម បញ្ជូនទាហាន ចូលរួមជាមួយ AOT ប្រចាំកម្ពុជា
ភ្នំពេញ ៖ ប្រទេសវៀតណាម បានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដើម្បីចុះសង្កេតការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋាន អន្តរជាតិតេជោ នាយទាហាន នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រទេសវៀតណាម ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប គឺវរសេនីយ៍ឯកបម្រុង ភុង ថាញ់គ័ និង វរសេនីយ៍ឯកបម្រុង លី ថាញ់តឹម ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន ។
អ្នកនាំពាក្យបន្តថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងសង្កត់ធ្ងន់ ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង ៕









