រដ្ឋមន្ត្រី ហួត ហាក់ ស្នើជប៉ុន បន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងសម្របសម្រួលការចុះMoU លើកិច្ចសហការទេសចរណ៍ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើភាគីជប៉ុន តាមរយៈលោកឯកអគ្គរាជទូត UENO Atsushi ឱ្យបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងសម្របសម្រួលឱ្យការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ ព្រមទាងបន្តពង្រីកការតភ្ជាប់ជើងហោះហើរ រវាងជប៉ុន និងកម្ពុជា ។

ការស្នើរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងជំនួបជាមួយលោក UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដើម្បីជំរាបលា ក្នុងឱកាសបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងទេសចរណ៍ ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ លោកឯកអគ្គរាជទូត ក៏បានលើកជាសំណើ ស្នើសុំពិនិត្យលទ្ធភាពសិក្សា លើការលើកលែងទិដ្ឋាការ ជូនដល់ភ្ញៀវទេសចរជប៉ុន ដែលអញ្ជើញមកទស្សនាកម្ពុជា។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ប្រជាជន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា និងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្ម របស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងវិស័យទេសចរណ៍ ក្នុងអាណត្តិបេសកកម្មទូត របស់ឯកអគ្គរាជទូត។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេច ក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ ព្រមទាំងបានស្នើឱ្យភាគីជប៉ុន បន្តជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ បន្តពង្រីកការតភ្ជាប់ជើងហោះហើរ រវាងជប៉ុន និងកម្ពុជា គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុនមកស្វែងយល់ ពីសក្តានុពលទេសចរណ៍កម្ពុជា ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជាដៃគូដ៏សំខាន់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ និងប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងជ្រាលជ្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា កម្ពុជា និង ជប៉ុន មានទំនាក់ទំនងការទូត ជាមួយគ្នាតាំងពីឆ្នាំ១៩៥៣ ហើយបច្ចុប្បន្នទំនាក់ទំនង ប្រទេសទាំងពីរ ត្រូវបានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈ ASEAN-Japan Centre (AJC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍ និងទេសចរណ៍ប្រកបដោយនិរន្តរភាព៕











