ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍បូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ឆ្នាំ២០២៦
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍បូកសរុបលទ្ធផលការងា រកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ រំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ក្រមសីលធម៌ការងារ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតី ម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើគ្រប់ពេលវេលា។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលឹកដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ត្រូវបន្តចូលរួម ជាមួយគណៈបញ្ជាការឯកភាព និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបទីតាំងល្បែងអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់៕


















