១ឆមាស គ្រោះធម្មជាតិខ្យល់កន្ត្រាក់-រន្ទះបាញ់ សម្លាប់មនុស្សជាង ៣០នាក់
ភ្នំពេញ ៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ គ្រោះធម្មជាតិមានទាំងរន្ទះបាញ់ និងខ្យល់កន្ត្រាក់បានសម្លាប់ប្រជាពលរដ្ឋជាង៣០នាក់ និងរបួសជាង៤០នាក់នៅទូទាំងប្រទេស ។
លោកបន្តថា ក្នុងចំណោមគ្រោះធម្មជាតិទាំងនេះ គឺខ្យល់កន្ត្រាក់ កើតឡើងជាង២០០លើកនៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ចំនួន១០នាក់ និងរងរបួសជាង២០នាក់ ។ សម្រាប់ខេត្តដែលងាយរងឥទ្ធិពលខ្យល់កន្ត្រាក់នេះ កើតឡើងនៅខេត្តជុំវិញបឹងទន្លេសាប និងខេត្តនៅតាមបណ្តាទន្លេមេគង្គ ដែលបានធ្វើឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះផងដែរ ។
ចំពោះករណីគ្រោះរន្ទះបាញ់វិញ លោក សុទ្ធ គឹមកុលមុនីបានបញ្ជាក់ដែរថា បានកើតឡើងជាង៥០លើក បណ្តាលឱ្យមនុស្សស្លាប់ជាង២០នាក់ និងរបួសជាង២០នាក់ដូចគ្នា ។
ប៉ុន្តែលោកថ្លែងថា ទោះបីជាយ៉ាងណា ក៏អាជ្ញាធរនៅតាមមូលដ្ឋានបានអន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលា ដើម្បីស្តារនិងរៀបចំលំនៅឋានជូនពួកគាត់ឡើងវិញ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កម្ពុជាបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិ រួមមាន ខ្យល់កន្ត្រាក់ និងគ្រោះរន្ទះបាញ់ជាង ១.២០០លើក បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង ២៤០នាក់ ព្រមទាំងខូចខាតលំនៅដ្ឋានជាង ១ម៉ឺនខ្នង ៕









