Feature

ក្រសួងរ៉ែ អនុម័តឱ្យប្រើប្រាស់មូលនិធិ លើគម្រោងជិត៥០ និងមានថវិកាជាង៥លានដុល្លារ

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសឱ្យអនុវត្តមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍ សហគមន៍មូលដ្ឋានឆ្នាំ២០២៦ និងការប្រើប្រាស់មូលនិធិរ៉ែ ក្នុងការរួមចំណែកអភិវឌ្ឍន៍ សហគមន៍មូលដ្ឋានលើមូលនិធិលើគម្រោងជិត៥០ និងមានថវិកាជាង៥លានដុល្លារ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦ ក្រសួងអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន៤៨ មានថវិកាសរុបជាង៥លានដុល្លារ (៥ ៦៩៥ ៥៦៣ ២០ដុល្លារ) តាមបណ្តាឃុំចំនួន៤៦ ក្នុងខេត្តចំនួន១០ ។

សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងការធ្វើអាជីវកម្មរ៉ែ ក្រុមហ៊ុន អាជីវករ ទាំងអស់ត្រូវមានកាតព្វកិច្ចបង់ ជូនរដ្ឋនូវសួយសាររ៉ែ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត តាមការកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ។ បន្ថែមលើកាតព្វកិច្ចនេះ ក្រុមហ៊ុន អាជីវករ ត្រូវបង់នូវមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលក្រសួងរ៉ែបានបង្កើតឡើងពីឆ្នាំ២០១៥ ក្នុងគោលបំណងរួមចំណែកជួយដល់មូលដ្ឋាន ឃុំ សង្កាត់ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។ ថវិកាដែលបង់ចូលមូលនិធិនេះ សមាមាត្រ ទៅនឹងទំហំផលិតកម្មរ៉ែដែលក្រុមហ៊ុន អាជីវករបានធ្វើអាជីវកម្មរ៉ែ ។

សេចក្តីប្រកាសបន្តថា មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងតំបន់សហគមន៍មូលដ្ឋាន ដែលមានការដ្ឋានរ៉ែស្ថិតនៅ និងអាចប្រើប្រាស់ បានក្នុងតំបន់ជិតខាង នៃការដ្ឋានរ៉ែនោះ តាមរយៈការស្នើសុំដោយផ្ទាល់ពីរដ្ឋបាលឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥មកដល់ឆ្នាំ២០២៥ ក្រសួងរ៉ែបានអនុម័តឱ្យប្រើប្រាស់មូលនិធិ លើគម្រោងចំនួន១៤៤ មានថវិកាសរុបជាង៩លានដុល្លារ (៩ ៧១២ ៨៨០,៤៤ដុល្លារ) ៕

To Top