Feature

ទូតជប៉ុន ៖ គន្លឹះអភិវឌ្ឍន៍ប្រទេសរបស់ជប៉ុន គឺមូលធនមនុស្ស ទើបជប៉ុនកំពុងចែករំលែក ឧត្តមានុវត្តទាំងនេះ ជាមួយកម្ពុជា

ភ្នំពេញ ៖ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា គន្លឹះអភិវឌ្ឍន៍ប្រទេសរបស់ជប៉ុន គឺមូលធនមនុស្ស ដូច្នេះហើយជប៉ុន កំពុងចែករំលែកឧត្តមានុវត្តទាំងនេះជាមួយកម្ពុជា។

ការថ្លែងរបស់ លោក Ueno Atsushi ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជា ដែលក្នុងនោះសមិទ្ធផលលេចធ្លោរួមមាន គម្រោងបង្កើត និងដំឡើងកម្រិតវិទ្យាស្ថានគរុកោសល្យ (Teacher Training Colleges – TTC) ដោយផ្ដោតលើការបណ្ដុះបណ្ដាលគ្រូ គម្រោងលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យា គម្រោងមូលនិធិសមធម៌ និងការកសាងសាលារៀនជំនាន់ថ្មី (NGS) និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស (គម្រោងអាហារូបករណ៍ JDS)។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយមូលនិធិជប៉ុន (Japan Foundation) ក្នុងការលើកកម្ពស់ការរៀន និង បង្រៀនភាសាជប៉ុននៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលគ្រូ និងវិធីសាស្ត្របង្កើតបរិយាកាស សិក្សាល្អប្រសើរសម្រាប់សិស្សកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចប្រតិបត្តិសហការយ៉ាងល្អនូវរាល់គម្រោងពាក់ព័ន្ធវិស័យអប់រំ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងបានបង្ហាញមោទនភាព ចំពោះភាពរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

លោកឯកអគ្គរាជទូត បានលើកឡើងថា «គន្លឹះអភិវឌ្ឍន៍ប្រទេសរបស់ជប៉ុន គឺមូលធនមនុស្ស ដូច្នេះហើយជប៉ុនបាន និងកំពុងចែករំលែកឧត្តមានុវត្តទាំងនេះ ជាមួយកម្ពុជា តាមរយៈការបន្តគាំទ្រកម្ពុជា លើវិស័យអភិវឌ្ឍធនធានមនុស្ស ដោយគូសបញ្ជាក់ជាថ្មីពីភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់រវាងកម្ពុជា និងជប៉ុន» ។

To Top