Feature

យុទ្ធសាស្ត្រថ្មីរបស់អង្គការទស្សនៈពិភពលោកជួយកុមារកម្ពុជា ស្របតាមទិសដៅកំណែទម្រង់អប់រំ

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គម្រោងយុទ្ធសាស្ត្រថ្មីរបស់អង្គការទស្សនៈពិភពលោកដែលផ្តោតសំខាន់ជួយកុមារកម្ពុជា គឺស្របតាមទិសដៅកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ។

ក្នុងឱកាសលោក ហង់ជួន ណារ៉ុន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោកស្រីវេជ្ជបណ្ឌិត Dr. Than Thi Ha នាយិកាស្ដីទីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានលើកឡើងគម្រោងក្នុងការរៀបចំយុទ្ធសាស្ត្រថ្មីរបស់អង្គការទស្សនៈពិភពលោកកម្ពុជា ដើម្បីបន្តគាំទ្រដល់កុមារកម្ពុជាឱ្យទទួលបានការអប់រំកាន់តែប្រសើរ ប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ តាមរយៈការបន្តពង្រឹងកិច្ចសហការលើការគាំពារកុមារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាលារៀន និងការធ្វើសមាហរណកម្មវិធីវិធីសាស្ត្របង្រៀនទំនើបៗជាដើម។

ជាកិច្ចឆ្លើយតប បណ្ឌិតសភាចារ្យ បានគាំទ្រចំពោះការរៀបចំយុទ្ធសាស្ត្រថ្មីរបស់អង្គការ ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ស្របតាមទិសដៅកំណែទម្រង់វិស័យអប់រំរបស់ក្រសួង ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយសក្ដានុពល។

បណ្ឌិតសភាចារ្យលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺត្រូវចាប់ផ្ដើមពីដំណាក់កាលដំបូង ពោលគឺការថែទាំក្មេងតាំងពីក្នុងរយៈពេល១០០០ថ្ងៃដំបូង ដែលជាពេលវេលាខួរក្បាលកុមារលូតលាស់រហូតដល់៩០% ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងអាហារូបត្ថម្ភល្អ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់អង្គការទស្សនៈពិភពលោកកម្ពុជាបន្តពង្រីកវិសាលភាពនៃកម្មវិធីគាំទ្រ និងគម្រោងអភិវឌ្ឍរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត សំដៅធានាឱ្យសិស្សានុសិស្សគ្រប់រូបទទួលបានឱកាសសិក្សាប្រកបដោយគុណភាព និងសមធម៌នៅទូទាំងប្រទេស៕

To Top