Feature

លោក ហួត ហាក់៖ ទេសចរណ៍មូស្លីម មិនត្រឹមជាទីផ្សារដ៏មានសក្តានុពលនោះទេ តែជាឱកាសបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ បានគូសបញ្ជាក់ថា ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត និងការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់សាសនា ។

ការគូសបញ្ជាក់របស់លោក ហួត ហាក់ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី រួមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្ត សម្រាប់ការធ្វើដំណើរ» នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។

វេទិកានេះរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ការស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត, ការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងស្តង់ដា, និងការត្រៀមខ្លួនឱ្យបានរួចជាស្រេច ក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ លើកឡើងថា ក្រសួងទេសចរណ៍ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សៀវភៅស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា (Cambodia Muslim-Friendly Tourism Standards) ដែលជាឯកសារគោល សម្រាប់អភិវឌ្ឍគោលដៅទេសចរណ៍ មូលដ្ឋានអាជីវកម្ម និងការផ្តល់សេវាបដិសណ្ឋារកិច្ច ប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត ជូនភ្ញៀវទេសចរមូស្លីម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះ គឺជាការបន្តជោគជ័យពីវេទិកាទេសចរណ៍មូស្លីម លើកទី១ និងលើកទី២ និងជាជំហានថ្មីមួយក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីម នៅកម្ពុជា តាមរយៈការពិភាក្សា អំពីនិន្នាការទីផ្សារ ការចាប់យកកាលានុវត្តភាពថ្មីៗ និងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ វិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីរួមគ្នានាំកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត៕

To Top