Feature

កម្លាំងនគរបាលជំនាញ និងនគរបាលតាមក្រុង-ស្រុក ពង្រឹងការចុះយាមល្បាត និងត្រួតពិនិត្យអាវុធពេលរាត្រី ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំង​នគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការចុះយាមល្បាត​ ប្រចាំការ២៤ ម៉ោង ​រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តពិសេសបទល្មើសក្រុមក្មេងទំនើង និងបទល្មើស លួច ឆក់ ប្លន់ តាមទីប្រជុំជននានា។

នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំង​នគរបាល​ជំនាញ និងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលគ្រប់ក្រុង-ស្រុក បានពង្រឹងការប្រចាំការ២៤ម៉ោង ចុះយាមល្បាត និងបានដាក់កម្លាំងចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់អ្នកដំណើរពេលរាត្រីផងដែរ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយស្នងការ ក៏បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវ ១-ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ២-ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ៣-បទល្មើសឆ្លងដែនខុសច្បាប់ ៤-ការស្នាក់នៅប្រមូលផ្តុំ និងបទល្មើសអនឡាញស្កែម (Online Scams) ៦-បទល្មើសជួញដូរគ្រឿងញៀន ៧-ទីតាំងបញ្ចាំ និងទិញលក់ផលចោរកម្ម ៨-បទល្មើសជួញដូរផ្លូវភេទគ្រប់ទំរង់៕
ដោយ៖ ប៊ុន​ សំណាង/ បន្ទាយមានជ័យ

To Top