អគ្គនាយក ARDB ចុះស្វែងយល់ ពីការដាំដំណាំកាហ្វេ ក្រោមដើមស្វាយចន្ទី និងពិនិត្យគម្រោងផលិតកម្ម វារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ខេត្តព្រះវិហារ
ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការី រួមជាមួយសមាជិកសមាគមបណ្តាញកសិករតេជា ចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងការបណ្តុះកូនដើមកាហ្វេ នៅកសិដ្ឋានចន្ទី ហួត ដារ៉ា ស្ថិតក្នុងសង្កាត់ ប៉ាល់ហាល ក្រុងព្រះវិហារ ព្រមទាំងចុះពិនិត្យទីតាំងត្រៀម អនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីសក្តានុពល នៃការអភិវឌ្ឍផលិតកម្មកសិកម្មនៅក្នុងតំបន់ និងជំរុញការអនុវត្តគម្រោង ដែលអាចបង្កើតប្រភពស្បៀងអាហារ ការងារ និងប្រាក់ចំណូលប្រកប ដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅទីតាំងជនភៀសសឹក។

ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចន្ទី ហួត ដារ៉ា លោកបណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរចំពោះការអនុវត្តគំរូដាំដំណាំចម្រុះ ដោយការជ្រេីសរេីសកាដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី គួបផ្សំនឹងការបណ្តុះកូនដើមកាហ្វេ ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ច។

លោកបណ្ឌិតបានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ឱ្យបន្តពង្រីកការដាំដុះកាហ្វេពូជ Robusta ដែលមានសក្តានុពលទីផ្សារខ្ពស់ និងអាចផ្តល់ផលចំណេញ ផ្នែកសេដ្ឋកិច្ចបានល្អ ទាំងសម្រាប់ការផ្គត់ផ្គង់ក្នុងខេត្ត និងការធ្វើពាណិជ្ជកម្មទៅកាន់តំបន់ផ្សេងៗ បើធៀបនឹងពូជ ដែលមានតម្រូវការទីផ្សារទាបជាង ។
ដោយឡែក ក្នុងការចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ឯកឧត្តមបណ្ឌិតបានជំរុញឱ្យក្រុមការងាររៀបចំផែនការអនុវត្តគម្រោងឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋអាចចាប់ផ្តើមផលិត និងបង្កើតមុខរបរបន្ថែមសម្រាប់គ្រួសារ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានពិភាក្សាជាមួយក្រុមការងារ និងសមាជិកសមាគមបណ្តាញកសិករតេជា ព្រមទាំងអាជ្ញាធរមូលដ្ឋានអំពីផែនការអនុវត្តគម្រោង ដោយបានផ្តល់អនុសាសន៍ឱ្យរៀបចំផែនការការងារឱ្យបានច្បាស់លាស់ ដូចជារៀបចំប្រភពទឹក ស្របតាមស្ថានភាពជាក់ស្តែង សក្តានុពលរបស់តំបន់ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិតបានណែនាំឱ្យផ្តោតលើការជ្រើសរើសប្រភេទដំណាំ បន្លែ សត្វគោ និងប្រភេទត្រីដែលសមស្របទៅនឹងលក្ខខណ្ឌភូមិសាស្ត្រ ប្រភពទឹក និងសក្តានុពលផលិតកម្មរបស់តំបន់ ដើម្បីធានាប្រសិទ្ធភាព និរន្តរភាព និងការអភិវឌ្ឍយូរអង្វែងនៃគម្រោង។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជំរុញផលិតកម្មកសិកម្មនៅទីតាំងជនភៀសសឹក មិនត្រឹមតែជួយធានាសន្តិសុខស្បៀងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតប្រភពចំណូលបន្ថែម តាមរយៈការលក់ផលិតផលលើសពីតម្រូវការប្រើប្រាស់ក្នុងគ្រួសារ ដែលនឹងរួមចំណែកលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានសម្តែងក្តីរំពឹងថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ផែនការនេះនឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ និងអាចក្លាយជាគំរូសម្រាប់ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ផ្សេងៗនាពេលអនាគត។

សកម្មភាពនេះបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់ ARDB ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជំរុញផលិតកម្ម ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការពង្រឹងសន្តិសុខស្បៀង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនភាពធន់របស់សហគមន៍៕

