លោក ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយ ព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជន ជាពិសេសយុវជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងចែករំលែកព័ត៌មានលើបណ្តាញសង្គម ហើយបញ្ជប់ការចែកចាយព័ត៌មានមិនពិត ដើម្បីចៀសវាងការបង្កភាពច្របូកច្របល់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ក្នុងពិធីអនុវត្តន៍ផ្សព្វផ្សាយ យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដែលការចូលរួមពីលោក ស្រី គឹម ចន្នី អភិបាលរងខេត្តកែប តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រួអ្នកគ្រូសិស្សានុសិស្ស ប្រមាណ១,០០០នាក់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសង្គម ដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។
លោកបានបញ្ជាក់ ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ ៤,០០០ ករណីកាលពីឆ្នាំ២០២៥។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ករណីនេះមានចំនួនជាង ២,០០០ ករណី ដែលបង្ហាញពីការកើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឆ្លៀតក្នុងឱកាសនោះ លោកបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់ លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយ ដែលមានសុវត្ថិភាព និងភាពសុខដុមរមនា។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «យើងត្រូវប្រុងប្រយ័ត្ន យើងកំពុងតែសប្បាយ នឹងការប្រើមធ្យោបាយឌីជីថលរបស់យើង ដែលមានព័ត៌មាននៅនឹងបាតដៃរបស់អ្នក។ ក្នុងនោះព័ត៌មានក្លែងក្លាយ ក៏នៅនឹងបាតដៃរបស់អ្នកដែរ។ អ៊ីចឹងយើងត្រូវឲ្យព័ត៌មានក្លែងក្លាយ បញ្ចប់នៅត្រឹមបាតដៃរបស់យើងហ្នឹងតែម្តង កុំឲ្យវាចែកចាយបន្តទៅទៀតទេ។»
យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរបៀបការពារខ្លួនពីការបំភាន់នានា ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាព ប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មាន ដោយស្មារតីទទួលខុសត្រូវ ។ មួយវិញទៀត កិច្ចការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថល ជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជា ឱ្យចៀសផុតពីមហន្តរាយ នៃព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់ថា យុទ្ធនាការជំហានទី២ បានឈានដល់ដំណាក់កាល អនុវត្តនៅតាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានី-ខេត្តគោលដៅចំនួន ១០ រួចមកហើយ រួមមានៈ រាជធានីភ្នំពេញ និងខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត និងខេត្តកែប។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តយុទ្ធនាការនេះ ទៅកាន់ខេត្តនានាឱ្យគ្រប់ ២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ ២០២៦នេះ៕
















