Feature

រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និង ការបរទេសបារាំង លោក Nicolas Forissier អញ្ជើញបំពេញទស្សនកិច្ច នៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា

ភ្នំពេញ ៖ លោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្ម បរទេស និងការទាក់ទាញវិនិយោគ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែកក្កដា ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ព្រមទាំងបង្កើនការវិនិយោគ និយោគរបស់បារាំងនៅ ក្នុងប្រទេសកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ ជាច្រើនលើក ក្នុងក្របខណ្ឌនៃការជំរុញ ទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ។ ដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយ នៃការត្រៀម លក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។

លោករដ្ឋមន្ត្រីនឹងចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមាន លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោក Nicolas Forissier បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១០ កក្កដា នៅនិវាសនដ្ឋានស្ថានទូត បារាំងប្រចាំកម្ពុជាថា បារាំងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល សុខាភិបាល និងហេដ្ឋារចនាសម័្ពន្ធនៅកម្ពុជា ។
បារាំងនឹងនាំយកក្រុមហ៊ុន ដែលមានជំនាញខ្ពស់មកវិនិយោគ លើគម្រោងមួយចំនួននៅកម្ពុជា ។ ក្នុងនោះមានគម្រោង វារីអគ្គិសនី ៨០០ មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅរាជធានីភ្នំពេញ ដើម្បីផលិតចេញ ជាអគ្គិសនីដែលក្រុមហ៊ុនបារាំង កំពុងសិក្សាដើម្បីវិនិយោគ ។ ទោះជាយ៉ាងនេះក្តី មន្រ្តីជាន់ខ្ពស់បារាំងរូបនេះ នៅពុំទាន់អាចបញ្ជាក់ ព័ត៌មានលម្អិតបន្ថែម ជុំវិញគម្រោងលើវិស័យថាមពលនៅកម្ពុជានៅឡើយ ដោយអះអាងយ៉ាងខ្លីថា បារាំងនឹងបន្តសិក្សាពីតម្រូវការរបស់កម្ពុជា ពោលគឺ ដើម្បីជួយឲ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំ២០៣០៕

To Top