អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី គាំទ្រពេញទំហឹង ចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែន ជាមួយថៃដោយសន្តិវិធី
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ Tan Sri Dato’ Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានគាំទ្រពេញទំហឹង ចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយថៃដោយសន្តិវិធី។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក
Tan Sri Dato’ Seri Haji Malek Razak bin Sulaiman និងគណៈប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា ។ សម្ដេច បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាផ្នែកនៃការរឹតចំណងមិត្តភាព រវាងទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី និយាយជារួម ហើយនិយាយដោយឡែក គឺនៅក្នុងកិច្ចសហប្រតិបត្តិការ នៃកងទ័ព និងកងទ័ពរវាងប្រទេសទាំងពីរ។
សម្ដេច ក៏បានអបអរសាទរចំពោះលោក Tan Sri ដែលបានតែងតាំង ជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ Tan Sri បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោ ហើយក៏បានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។
លោក បានបង្ហាញអំពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងម៉ាឡេស៊ី។ លោក ក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ល្អរវាងគ្នា និងគ្នាហើយជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ព នៃប្រទេសទាំងពីរ។ លោក ក៏បានជជែកជាមួយនឹងថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាពង្រឹងបន្ថែមទៀត នូវកិច្ចការក្នុងវិស័យការពារជាតិ រវាងកម្ពុជា និងម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ចំពោះការលើកឡើងរបស់លោក ទាក់ទងដែលលើកឡើង ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ី ដោយ សម្ដេច បានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជា និងម៉ាឡេស៊ី មានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។
សម្ដេច បន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri ក៏បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះ អាន់វ៉ាអ៊ីប្រាហ៊ីម នៅពេលដែលឯកឧត្តមនៅជាប្រធានអាស៊ានកន្លងទៅ លោក បានចូលរួមយ៉ាងសកម្មនៅក្នុងការរកដំណោះស្រាយជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសនៅក្នុងអាណត្តិ
ដែលម៉ាឡេស៊ីគឺធ្វើជាប្រធានអាស៊ាន ដែលបាននាំឱ្យមានការបង្កើនទៅ AOT ដែលសម្តេចតេជោបានចាត់ទុកនេះ គឺជាមរតកដែលកើតឡើងក្នុងអំឡុងពេលដែលម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ាន។
ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានចែករំលែក អំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃផងដែរ ដែលសម្ដេចបានបញ្ជាក់ នូវគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
នាយឧត្តមសេនីយ៍ Tan Sri បានលើកឡើងដោយកោតសរសើរ ចំពោះសម្ដេចតេជោថា ជាមេដឹកនាំមួយ ដែលឯកឧត្តមគោរព ហើយឯកឧត្តមគោរព ចំពោះការដឹកនាំ របស់សម្ដេចតេជោ ដែលបានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយ ជាប្រទេស ដែលមានការអភិវឌ្ឍ។
លោក ពិតជាគោរព ចំពោះបទពិសោធន៍ និងការដឹកនាំរបស់សម្ដេចតេជោ ចំពោះបញ្ហា និងការដោះស្រាយ បញ្ហារវាងកម្ពុជានិងថៃ ។ លោក ក៏បានគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយនឹងថៃដោយសន្តិវិធី៕









