លោក បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាយុវជន គណបក្សខេត្តពោធិ៍សាត់
ពោធិ៍សាត់ ÷ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ លោក បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងបើកវេទិកាពិភាក្សាជាមួយសមាជិក សមាជិកាយុវជន គណបក្ស ខេត្តពោធិ៍សាត់ ប្រមាណ ១,៣០០នាក់។

គួររំលឹកផងដែរថា កម្មវិធីវេទិកាសំណេះសំណាល និងពិភាក្សានេះ គឺជាលើកទី៣ ហើយដែលត្រូវបានរៀបចំឡើង ដោយបន្តពីបទ ពិសោធន៍ នៃវេទិកា ដែលបានចាប់ផ្ដើមតាំងពីសម័យកាលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនទាន់ទទួលបានការតែងតាំង ជានាយករដ្ឋមន្ត្រីនៃកម្ពុជាមកម្ល៉េះ ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចចំពោះការងារយុវជនជានិច្ច ។

ពិធីនេះមានការចូលរួមពី លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់, លោកអនុប្រធានគណៈប្រចាំការ, លោកសមាជិកគណៈប្រចាំការ, លោក លោកជំទាវ យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការខេត្ត និងសមាជិក សមាជិកាយុវជនគណបក្សគ្រប់ជាន់ថ្នាក់ទូទាំងខេត្តពោធិ៍សាត់។









អត្ថបទនេះដោយ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល









