ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញអាទិភាពគន្លឹះ៥ចំណុច ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ

ភ្នំពេញ ៖ ឆ្លើយតបនឹងបរិបទសកលលោក ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៥ចំណុចយ៉ាងមុតស្រួច ដើម្បីបង្កើនផលិតភាពការងារ និងកសាងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងខណៈ លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល។
អាទិភាពគន្លឹះទាំង៥ ដើម្បីបង្កើនផលិតភាពការងារ ដើម្បីជំរុញឱ្យការកែទម្រង់រដ្ឋបាលសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការពង្រឹងអាទិភាពគន្លឹះចំនួន៥ រួមមាន៖ (១). កត្តាមនុស្ស៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ (២). ប្រព័ន្ធ និងយន្តការ៖ ការរៀបចំប្រព័ន្ធការងារឱ្យមានភាពច្បាស់លាស់ និងរលូន។ (៣). វប្បធម៌ការងារស្ថាប័ន៖ ការបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងអង្គភាព។ (៤). បច្ចេកវិទ្យា៖ ការធ្វើទំនើបកម្មប្រព័ន្ធការងារតាមរយៈឌីជីថលូបនីយកម្ម។ (៥). ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៖ ការបំពាក់សម្ភារ និងកន្លែងធ្វើការដែលអំណោយផលដល់ការបំពេញភារកិច្ច។
ក្នុងនាមជាអ្នកដឹកនាំដែលប្រាកដនិយម លោក ហ៊ុន ម៉ានី បានទទួលស្គាល់ថា ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា មិនទាន់ឈានដល់ភាពល្អឥតខ្ចោះនៅឡើយទេ ហើយតែងតែជួបប្រទះនូវឧបសគ្គ។ លោក បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ថា នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសម្ពាធសេដ្ឋកិច្ចសកល កម្ពុជាចាំបាច់បំផុតត្រូវតែងើបឈរ ពង្រឹងកម្លាំងផ្ទៃក្នុង និងធានាឱ្យបាននូវការឯកភាពគ្នា ដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលកាន់តែមានភាពធន់ និងរឹងមាំ អាចទប់ទល់នឹងកត្តាខាងក្រៅបាន។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការតម្រង់ទិសឆ្ពោះទៅរក ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។ កម្ពុជាបានចាត់ទុកការកែទម្រង់ និងការធ្វើទំនើបកម្ម គឺជាត្រីវិស័យដ៏សំខាន់បំផុត ដើម្បីប្រែក្លាយប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យទៅជាប្រព័ន្ធតែមួយដែលរឹងមាំ មានការតភ្ជាប់គ្នា បំពេញបន្ថែមឱ្យគ្នា និងជំរុញគ្នាទៅវិញទៅមក ក្រោមស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕








