លោក ទេព អស្នារិទ្ធ៖ បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ
កែប៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បណ្តាញសង្គមដូចជា Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ ផ្ទុយទៅវិញ ស្ថាប័នសារព័ត៌មានផ្លូវការនីមួយៗ សុទ្ធតែមានយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ និងការទទួលខុសត្រូវខ្ពស់ មុននឹងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។
ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ ‘និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ’ ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា បណ្តាញសង្គម Facebook និង TikTok គឺជាវេទិកាដែលសាធារណជន អាចបង្កើតឡើងបានយ៉ាងងាយស្រួល ដើម្បីបម្រើដល់ការកម្សាន្ត ការធ្វើអាជីវកម្ម ការផ្សព្វផ្សាយផលិតផល និងការចែករំលែកព័ត៌មានផ្សេងៗ។ មួយវិទៀតការប្រើប្រាស់បណ្តាញសង្គមនេះ ដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។
លោក ទេព អស្នារិទ្ធថ្លែងដូច្នេះថា « Facebook និង TikTokនេះ អ្នកណាក៏បង្កើតបានដែរ។ ឥឡូវប្រជាពលរដ្ឋរបស់យើងមានជាង ១៧ លាននាក់ ក្នុងហ្នឹងមានអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមសកម្មជាង ១៥ លាននាក់ ។ អ៊ីចឹងសរុបទាំងអស់ជាង ១៥ លាន ហើយក្នុងហ្នឹង ប្រជាពលរដ្ឋវ័យក្មេងរបស់យើង ដែលជាយុវសិស្ស ដែលកំពុងតែនៅក្នងវ័យសិក្សានេះ ៥៩% គឺប្រើហ្វេសប៊ុក ហើយប្រមាណជា ៣៥% គឺកំពុងតែសកម្ម នៅលើបណ្ដាញសង្គមទីកតុក។ ឃើញទេ? ឥឡូវសួរថា អ្នកដែលមានគណនី និងអ្នកប្រើបណ្តាញទំនាក់ទំនងសង្កម មានដូជា Facebook និង TikTok ហ្នឹងសុទ្ធសឹងតែជាអ្នកបានរៀនសូត្រ ឬទទួលការបណ្តុះបណ្តាលផ្នែកសារព័ត៌មានទេ? ចម្លើយ គឺថា មិនមានទេ !។ លើកលែងតែ គណនី ឬក៏ផេកផ្លូវការរបស់ក្រសួងស្ថាប័ន ឬ បុគ្គល និងក្រុមមានវិជ្ជាជីវៈត្រឹមត្រូវប៉ុណ្ណោះ។ អ៊ីចឹងបណ្ដាញទំនាក់ទំនងសង្គម អ្នកណាក៏អាចបង្កើតបានដែរ ។ ហើយផ្សាយទាំងព័ត៌មានល្អ និងមិនល្អលាយឡំគ្នា ដោយពុំមានការពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ មាតិកា ឬរូបភាពហ្នឹងមុនបញ្ចេញទេ។»
ឯកឧត្តមបានពន្យល់ទៀតថា ចំពោះប្រព័ន្ធផ្សព្វផ្សាយផ្លូវការវិញ មានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ ។ មុននឹងព័ត៌មានមួយត្រូវបានផ្សព្វផ្សាយ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក ដើម្បីធានាថាព័ត៌មាននោះ មានប្រភពច្បាស់លាស់ ត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការញុះញង់។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនេះ គេផ្តោតសំខាន់លើគុណភាព និងភាពត្រឹមត្រូវជាងល្បឿន។ ទោះបីជាមានការអភិវឌ្ឍទៅជាព័ត៌មាន តាមអនឡាញដែលលឿនជាងមុនក៏ដោយ ប៉ុន្តែនៅតែត្រូវចំណាយពេលផ្ទៀងផ្ទាត់ ប្រភពយ៉ាងត្រឹមត្រូវ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់ លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយ ដែលមានសុវត្ថិភាព និងភាពសុខដុមរមនា។
សូមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជារួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), ទូរទស្សន៍ជាតិកម្ពុជា (TVK), វិទ្យុជាតិកម្ពុជា (RNK), MoInfo App, ព្រមទាំង គេហទំព័រនិងបណ្តាញសង្គម របស់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត មន្ទីរព័ត៌មានទូទាំងប្រទេស, និងអង្គភាពសារព័ត៌មាន ដែលមានអាជ្ញាបណ្ណចេញដោយក្រសួងព័ត៌មាន៕










