Feature

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នាំយករទេះរុញ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

កំពង់ធំ៖  នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ  និងនាំយករទេះរុញ សម្រាប់ជនពិការចំនួនមួយគ្រឿង​ និង​គ្រឿងឧបភោគបរិភោគ ព្រម​ទាំង​ថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម  រស់នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ 

លោកតាព្រិន្ទបាលឯក ម៉ា វុន អាយុ៦៣ឆ្នាំ បានបញ្ជាក់ថា គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៦ នៅអង្គភាពយោធាស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយត្រូវបានជាន់មីនបណ្ដាលឲ្យដាច់ជើងខាងស្ដាំ នៅក្នុងសមរភូមិខ្សាច់ធំ ស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីឆ្នាំ១៩៨៧។ បច្ចុប្បន្នគាត់មានជំងឺដាច់សសៃឈាម ស្លាប់មួយជំហៀងខ្លួនប៉ែកខាងស្ដាំ បន្ថែមលើជើងដែលពីការនៅប៉ែកខាងស្ដាំផងដែរ។ បណ្ដាលឲ្យគាត់មិនអាចប្រើប្រាស់ឈើច្រត់ ដើម្បីទប់ខ្លួនក្នុងការធ្វើដំណើរបាន ។ ហើយនៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ភរិយារបស់គាត់ក៏បានទទួលមរណភាពចោលគាត់ទៀត​ សព្វថ្ងៃគាត់រស់នៅជាមួយកូន ដែល​ជាអ្នកជួយបីបាច់ថែរក្សា ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន សំណេះសំណាលសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរយ៉ាងខ្លាំង និងបានថ្លែងនូវការដឹងគុណចំពោះវិរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជនរបស់យើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយបាន​រួមចំណែក​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ សែន​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​សុខ​ សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​ដូច​សព្វ​ថ្ងៃ​នេះ​ ។  

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនរទេះរុញសម្រាប់ជនពិការចំនួនមួយគ្រឿង  ដែលជាអំណោយរបស់លោក គួ លីហួត ប្រធានមជ្ឈមណ្ឌលស្តាលទ្ធភាព ពលកម្មកាយសម្បទា ក្រោមការគ្រប់គ្រង មូលនិធិជនពិការ  ព្រមទាំងអង្ករចំនួន១០០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ ត្រីខកំប៉ុងចំនួន២យួរ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រចន្ទមុន្នី ជូនលោកតា ម៉ា វុន ដើម្បីបានប្រើប្រាស់ និងដោះស្រាយការហូបចុកប្រចាំថ្ងៃផងដែរ។

លោកតាព្រិន្ទបាលឯក ម៉ា វុន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីព្រមទាំងគណៈកម្មការអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលបានផ្ដល់រទេះរុញ គ្រឿងឧបភោគបរិភោគ និងថវិកាដល់រូបគាត់ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សំនៀង

To Top