Feature

ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ ដឹកនាំ​សហការី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​វរសេនីយ៍ទោ ​ឃុន​ ប៊ុន​ហួរ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​

កំពង់ធំ៖ នៅ​រសៀល​ថ្ងៃ​ទី​ ១២​ ខែកក្កដា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ លោក​វរសេនីយ៍ទោ​ ឃុន​ ប៊ុន​ហួរ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ល្ងាច​ថ្ងៃ​ទី​ ១១​ ខែកក្កដា​ ឆ្នាំ​២០២៦​ កន្លងទៅ​នេះ​ នៅ​មន្ទីរពេទ្យ​រាជ​ធានី​ភ្នំពេញ​  ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​សាន់​គរ​ (​ខ)​ ឃុំ​សាន់​គរ​ ស្រុក​កំពង់​ស្វាយ​  ខេត្ត​កំពង់ធំ​  ។ 

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ និង​សហការី​ បាន​ស្មឹង​ស្មាធ​ដុត​ធូប​ គោរព​វិញ្ញាណក្ខន្ធ​  និង​បាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​វរសេនីយ៍ទោ​ ឃុន​ ប៊ុន​ហួរ​ បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​  ហើយ​និង​បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ចំពោះ​ការ​បាត់បង់​លោក​វរសេនីយ៍ទោ​ ឃុន​ ប៊ុន​ហួរ​ ដែល​ជា​ធនធាន​មនុស្ស​ដ៏​ល្អ​ ជា​កង​យោធពលខេមរភូមិន្ទ​ ដែល​ធ្លាប់​បាន​តស៊ូ​ប្រយុទ្ធ​​ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ រួម​ចំណែក​ការ​ពារ​ទប់ស្កាត់​ មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ អៀង​ សារី​ វឹល​ត្រឡប់​មក​វិញ​បាន​ ។ ហើយ​ជា​ចុងក្រោយ​នេះ​ លោក​វរសេនីយ៍ទោ​ ឃុន​ ប៊ុន​ហួរ​ ជា​សហការី​ដ៍​ល្អ​ នៃ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ ដែលបាន​រួម​គ្នា​ក្នុង​ការ​បម្រើ​អតីត​យុទ្ធ​ជន​នៅ​ក្នុង​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ បាន​យ៉ាង​ល្អ​ប្រសើរ​ ។ 

នៅ​ក្នុង​ឱកាស​សំណេះសំណាល​រំលែក​ទុក្ខ​ដ៍​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​នៅ​ពេល​នេះ​  ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​សហការី​ បាន​នាំយក​នូវ​ថវិកា​មួយ​ចំនួន​ ចូល​រួម​ចំណែក​ក្នុង​កម្មវិធី​បុណ្យ​សព​នេះ​ផងដែរ​ និង​សូម​ជូន​ពរ​ដល់​ក្រុម​គ្រួសារ​សព​ លោក​វរសេនីយ៍ទោ​ ឃុន​ ប៊ុន​ហួរ​ សូម​ទទួល​បាន​នូវ​សុខភាព​ល្អ​ និង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ដោយ៖ សំនៀង

To Top