មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ណែនាំពលរដ្ឋ រស់នៅតាមដងស្ទឹងសង្កែ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន
បាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រូវមានប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។
តាមរយៈសេចក្ដីជូនដំណឹងរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នាថ្ងៃទី១៣ កក្កដា នេះ ថា យោងតាមព្រឹត្តិបត្រព្យាករណ៍ ធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប៊ីស លក្ខណៈបែបនេះបានបង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមាន ការកើនឡើងលើសកម្រិតអតិបរមា។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក៏បានប្រាប់សាធារណៈជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ថា ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលពេញអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តនឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ បណ្តាលឲ្យ កម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ ដូចនេះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សង្កែមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាដើម។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបន្តការតាមដានការប្រែប្រួលអាកាសធាតុយ៉ាងយកចិត្ត ទុកដាក់ និងជម្រាបជូនជាដំណឹងបន្តបន្ទាប់ទៀត។










