Feature

លោក ឃួង ស្រេង ៖ ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ បានផ្តល់សេវា ជូនពលរដ្ឋបានជាង១២ម៉ឺនសេវា

ភ្នំពេញ៖លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយ របស់សាលារាជធានីភ្នំពេញ បានផ្តល់សេវាជូនប្រជាពលរដ្ឋ បានជាង១២ម៉ឺនសេវា ខណៈការផ្តល់សេវាតាមច្រកនេះ មានភាពលឿនរហ័សទាន់ចិត្ត។

ការគូសបញ្ជាក់របស់លោក ឃួង ស្រេង ធ្វើឡើងក្នុងអង្គប្រជុំស្តី ពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវា រដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់ លើការផ្តល់សេវាសុរិយោដី និងសំណង់ នាថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ និងលោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បង្កើតឡើងបាន៨ឆ្នាំហើយ ហើយសេវាប្រមាណ៩៨% បានចូលមកតាមច្រកនេះ ជាមួយនិងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវាជូនពលរដ្ឋ បានជាង១២ម៉ឺនសេវា។ ក្រៅពីអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ យើងក៏មានច្រកចេញចូលតែមួយ នៅតាមខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ផងដែរ។

បន្ថែមលើនេះ លោកអភិបាលរាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ប្តេជ្ញាបន្តការងារនេះកាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។ ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យជាប្រចាំនៅតាមច្រកចេញចូលតែមួយ ខណ្ឌនិងសង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះ ទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្តពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក សួស ប្រាថ្នា បានថ្លែងក្នុងឱកាសនេះថា ដើម្បីឱ្យការបំរើសេវាជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរជាងមុនថែមទៀតនោះ យើងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យឯកសារ ដែលត្រូវផ្តល់ជូនពីប្រជាពលរដ្ឋ មានភាពសាមញ្ញ ខ្លី និងងាយស្រួលជាងមុន។ ត្រូវប្រជុំលើការងារនេះ ឱ្យបាន៣ដងក្នុង១ខែ ជាមួយនិងចាត់មន្ត្រី ឱ្យចុះតាមដាន ពិនិត្យមើលជាប្រចាំ នៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

To Top