សហជីព និងអតីតពលករ កោតសរសើរកម្មវិធី RPL ថាជាការទទួលស្គាល់ជំនាញពិត បើកផ្លូវឱកាសការងារ និងប្រាក់ចំណូលកាន់តែប្រសើរ
ភ្នំពេញ៖ ថ្នាក់ដឹកនាំសហជីព និងអតីតពលករខ្មែរ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្កើតកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន Recognition of Prior Learning (RPL) ដើម្បីជួយដល់អតីតពលករត្រឡប់មកពីប្រទេសថៃឱ្យទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ បង្កើនឱកាសការងារនៅក្នុងស្រុក និងជួយឱ្យមានប្រាក់ចំណូលកាន់តែប្រសើរ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍ថា៖ «ខ្ញុំស្ងើចសរសើរចំពោះក្រសួងការងារ ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលក៏ដូចជាការវាយតម្លៃលើជំនាញរបស់បងប្អូនអតីតពលករត្រឡប់មកពីថៃដែលមានការយកចិត្តទុកដាក់ខ្ពស់បំផុត។ អ្វីដែលខ្ញុំបានជួប អ្វីដែលខ្ញុំបានឃើញផ្ទាល់នេះ ពិតជាស្ញប់ស្ញែងមែនទែនចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការយកចិត្តទុកដាក់នៅក្នុងការ បង្ហាញនូវជំនាញ ក៏ដូចជាការប្រឹងប្រែង រៀនសូត្របន្ថែមទៀតពីសំណាក់បងប្អូនពលករយើងដែលវិលមកពីថៃ»។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា កម្មវិធី RPL មានសារៈសំខាន់ខ្លាំងណាស់ ព្រោះអតីតពលករជាច្រើនមានជំនាញ និងបទពិសោធការងារជាក់ស្តែងរួចមកហើយ ប៉ុន្តែមិនទាន់មានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នជំនាញ។ ក្រោយពេលឆ្លងកាត់ការវាយតម្លៃ ពួកគាត់នឹងទទួលបានវិញ្ញាបនបត្រដែលបញ្ជាក់ពីសមត្ថភាពពិតប្រាកដ ដែលជួយបង្កើនទំនុកចិត្តពីនិយោជក បង្កើនឱកាសការងារ និងអាចទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

លោក កេត ផានិត អតីតពលករមកពីខេត្តតាកែវ ដែលមានបទពិសោធធ្វើការនៅប្រទេសថៃជាង ៥ឆ្នាំ បានអះអាងថា វិញ្ញាបនបត្រដែលទទួលបានពីកម្មវិធី RPL គឺជាស្ពានចម្លងដ៏មានតម្លៃ ដែលជួយឱ្យអតីតពលករងាយស្រួលស្វែងរកការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន និងគ្រួសារ។

អតីតពលកររូបនេះ ក៏បានអំពាវនាវដល់បងប្អូនអតីតពលករផ្សេងៗទៀត ដែលមិនទាន់បានចុះឈ្មោះចូលរួមកម្មវិធី RPL ឱ្យមកចូលរួមធ្វើតេស្តបញ្ចេញសមត្ថភាព និងទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ ដើម្បីយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារ និងអភិវឌ្ឍអាជីពនាពេលអនាគត៕











