អ្នកភូមិសាស្រ្តនយោបាយ ៖ ថៃនឹងរងក្តីអាម៉ាស់ ជាលើកទី៣ លើឆាកអន្តរជាតិ
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកភូមិសាស្រ្តនយោបាយ បានលើកឡើងថា ប្រទេសថៃនឹងរងក្តីអាម៉ាស់ លើឆាកអន្តរជាតិ ជាលើកទី៣ ដែលបន្តរំលោភអធិបតេយ្យភាពកម្ពុជា ។
ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ផែនទីអន្តរជាតិ និងអធិបតេយ្យភាពកម្ពុជា» លោកបណ្ឌិត យង់ ពៅ ថ្លែងថា បើថៃមិនព្រមដកថយ លើការប្រមាថច្បាប់អន្តរជាតិ ដែលនៅតែរំលោភបំពាន ចូលមកកាន់តែជ្រៅលើទឹកដីកម្ពុជា ពិតជាអាម៉ាស់ជាលើកទី៣ ជាក់ជាមិនខាន ព្រោះច្បាប់អន្តរជាតិនៅតែជាធរមាន និងនៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសណ្តាប់ធ្នាប់ពិភពលោក ។ ដូច្នេះថៃមិនអាចប្រមាថបាននោះទេ ។
លោកបញ្ជាក់ថា “ថៃបានបង្កើតអង្គហេតុថ្មី ឈ្លានពានអធិបតេយ្យកម្ពុជា គឺគាត់បានបង្កើតលេសសព្វបែបយ៉ាង ហើយការណ៍នេះ ថៃធ្លាប់រងក្តីអាម៉ាស់ តាំងពីឆ្នាំ៦២ ម្តងទៀតលើកទី២ ឆ្នាំ២០១៣ ដែលតុលាការយុត្តិធម៌អន្តរជាតិ ចេញសាលក្រមនៅឆ្នាំ៦២ និងបកស្រាយឡើងវិញ នៅតែបញ្ជាក់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា ។ នេះជាការប្រមាថពីរដង ។ អ្នកវិភាគថៃ ក៏បានព្រមានដែរថា ថៃនឹងរងក្តីអាម៉ាស់ជាលើកទី៣” ។
អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ សម្លឹងឃើញដែរថា នាយករដ្ឋមន្រ្តីថៃអានុទីន កំពុងរុញច្រានប្រទេសថៃ ឱ្យធ្លាក់ចូលទៅក្នុងរណ្តៅ នៃប្រជាជាតិអមិត្តព្រោះអមិត្តនេះ មិនមែនមានតែជាមួយកម្ពុជានោះទេ គឺមានជាមួយឡាវ ដោយសារឡាវក៏ប្រើសន្ធិសញ្ញាបារាំង-សៀមផងដែរ ព្រោះជាមរតកបន្សល់ទុកដោយបារាំង ។ លោកបណ្ឌិតសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះថៃ ក៏បានពង្រីកភាគអមិត្តជាមួយមីយ៉ាន់ម៉ា និងម៉ាឡេស៊ីថែមទៀត ។
សូមបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មី នៅលើដីជាក់ស្តែង ដោយមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើកម្លាំង និងការទាមទារជាឯកតោភាគីរបស់ភាគីថៃនោះឡើយ៕









