Feature

រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវប្រជាពលរដ្ឋ អញ្ជើញកំសាន្ដនៅខ្នងផ្សារ ត្រូវបង្កើនការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានបំណងអញ្ជើញទៅកំសាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកភ្លៀង។

តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍ បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។

ពាក់ព័ន្ធនឹងស្ថានភាព និងអាកាសធាតុប្រែប្រួលនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា «សូមសំណូមពរដល់ភ្ញៀវទេសចរណ៍ បងប្អូនប្រជា ពលរដ្ឋ និងសហគមន៍ទេសចរណ៍ទាំងអស់ ដែលមានបំណងអញ្ជើញ ទៅកំសាន្តនៅលើតំបន់ទេសចរណ៍ ខ្នងផ្សារ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកភ្លៀងដែលកំពុងបន្តធ្លាក់ខ្លាំង»។

ក្នុងករណីនេះ ភ្ញៀវទេសចរណ៍ និងសាធារណជន មេត្តាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ឬសហគមន៍ទេសចរណ៍ ដើម្បីចាត់វិធានការដោះស្រាយការពារ និង សង្គ្រោះបានទាន់ពេលវេលា៕

To Top