ថៃថា ទឹកដីកម្ពុជា ដែលកំពុងគ្រប់គ្រង ដោយខុសច្បាប់ជារបស់ខ្លួន គឺអត់ភស្តុតាង
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា បានលើកឡើងថា ភាគីថៃអះអាងថា ទឹកដីកម្ពុជាដែលខ្លួនកំពុងគ្រប់គ្រង ដោយខុសច្បាប់ជារបស់ខ្លួននោះ គឺអត់មានអំណះអំណាង និងភស្តុតាងនោះទេ ។
ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ផែនទីអន្តរជាតិ និងអធិបតេយ្យភាពកម្ពុជា» លោកបណ្ឌិត គិន ភា អ្នកតាមដានកិច្ចការនយោបាយបានថ្លែងថា ផែនទីគូរឡើង បំភ្លៃខុសពីការពិត របស់ភាគីថៃក៏បានបង្ហាញថា ប្រាសាទតាមាន់ធំ និងតំបន់មួយចំនួនទៀត ជារបស់ខ្មែរទាំងអស់ ។
លោកបណ្ឌិតបញ្ជាក់ថា “សូម្បីតែផែនទីចោរ ផែនទីដែលភាគីថៃគូរជាឯកតោភាគីដែលគេហៅថា ផែនទីខ្នាត១លើ៥០ពាន់ក៏បង្ហាញថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង ។ ចឹងថៃយកស្អីមកអះអាងថា ប្រាសាទតាមាន់ធំ ឬតំបន់មួយចំនួនទៀត ដែលពួកគេកំពុងតែឈរជើងកាន់កាប់ និងគ្រប់គ្រងដោយខុសច្បាប់ថា ជាទឹកដីរបស់ខ្លួនគឺអត់មានអំណះអំណាង អត់មានភស្តុតាង អត់មានទឡ្ហីករណ៍អ្វីទាល់តែសោះ” ។
លោកបណ្ឌិតបន្តថា រចនាសម្ព័ន្ធរបស់ប្រាសាទតាមាន់ធំ បានបង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរទាំងអស់ ។ ដូច្នេះការប្រើប្រាស់កម្លាំងយោធាមកគ្រប់គ្រង និងកាន់កាប់ប្រាសាទតាមាន់ធំនេះ មិនអាចកាឡៃប្រវត្តិសាស្រ្តកាពិតឡើយ ។
លោកបណ្ឌិតគិន ភា បន្ថែមថា ព្រំដែនកម្ពុជា-ថៃមិនមែនបង្កើតឡើងដោយប្រទេសណាមួយនោះទេ គឺជាព្រំដែនអន្តរជាតិ មានការទទួលស្គាល់ ជាអន្តរជាតិតាមរយៈសន្ធិសញ្ញាបារាំង-សៀម ។
អ្នកតាមកិច្ចការនយោបាយឱ្យដឹងទៀតថា ការកំណត់ព្រំដែន ត្រូវបានអនុវត្តលើដីជាក់ស្តែងដោយគណៈកម្មាធិការចម្រុះឥណ្ឌូចិន-បារាំងសៀម ហើយមានតម្លៃជាភស្តុតាង បច្ចេកទេសលើដីជាក់ស្តែង ៕









