សម្តេច ម៉ែន សំអន អញ្ជើញក្នុងពិធីចុះ MOU ដើម្បីជំរុញអនុវត្តគម្រោង ប្រព័ន្ធដឹកជញ្ជូនបៃតង នៅកម្ពុជា
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ(MOU) រវាង GENRICH Investment និង GRAPHION Energy Solution ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោង អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតង នៅប្រទេសកម្ពុជា ។

ក្រុមហ៊ុន GenRich Investment Co.,ltd គឺជាក្រុមហ៊ុនរបស់កូនខ្មែរ បានសហការជាមួយ Graphion Energy Solutions របស់សហរដ្ឋអាមេរិក បានរៀបចំពិធីបើកដំណើរការ Cambodia Green Mobility Initiative 2026 ក្រោមប្រធានបទ «Building Cambodia’s Electric Future Together» នៅសណ្ឋាគារ Hyatt Regency Phnom Penh នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះ បានប្រារព្ធឡើងក្នុងគោលបំណងជំរុញ ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា និងការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរក្នុងការគាំទ្រ ការអភិវឌ្ឍថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា។

ថ្លែងក្នុងពិធីបើក លោក Ki Young Nam ស្ថាបនិកនៃ Graphion Energy Solutions បានធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងទិសដៅរបស់គម្រោង Cambodia Green Mobility Initiative 2026 ដោយផ្តោតលើការពន្លឿនការប្រើប្រាស់យានយន្តអគ្គិសនី ការអភិវឌ្ឍបណ្តាញស្ថានីយសាកថ្ម និងការកសាងប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត។

ជាមួយគ្នានេះ លោក Lim Lork Johnson អគ្គនាយកក្រុមហ៊ុន GenRich Investment បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយលើកឡើងពីសារៈសំខាន់ នៃកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ក្នុងការទាក់ទាញការវិនិយោគ ការនាំចូលបច្ចេកវិទ្យាទំនើប និងការបង្កើតឱកាសថ្មីៗ សម្រាប់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
បន្ទាប់មក ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន GENRICH Investment និងក្រុមហ៊ុន GRAPHION Energy Solution ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោងដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងរបស់ប្រទេស។ ក្នុងពិធីនេះដែរ គណៈអធិបតីនិងប្រតិភូអម ក៏បានទស្សនាការបង្ហាញអំពីម៉ូតូអគ្គិសនី និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលបង្ហាញពីសមត្ថភាព និងនវានុវត្តន៍ក្នុងវិស័យ យានយន្តអគ្គិសនី ព្រមទាំងការតភ្ជាប់ជាមួយដំណោះស្រាយថាមពលស្អាត ដែលអាចគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ៕














