Feature

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។

ជាក់ស្ដែង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ចំនួន ១៧.៧៧៦ លានយ៉េន (ប្រមាណ ១១៩ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែ កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។

គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រនៅកំពង់ផែ ក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើក កម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

To Top