ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីការពារសុខភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិ ឱ្យបានជាអតិបរមា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងជាបន្តបន្ទាប់អំពីស្ថានភាពភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងរហ័ស នៅតាមតំបន់ទំនាប បង្កជាគ្រោះទឹកជំនន់ ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។

ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ត្រៀមទីទួលសុវត្ថិភាព បម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់។ ក្នុងអំឡុងពេលមានទឹកជំនន់ ប្រជាពលរដ្ឋត្រូវជៀសវាងចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម និងមិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនី ដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត៕










