បទអន្តរាគមន៍ របស់លោក សយ សុភាព ស្ដីអំពី «គម្រោងព្រែកជីកហ្វូនណនតេជោ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»
គុនមីង៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្វើបទអន្តរាគមន៍មួយ ស្ដីអំពី «គម្រោងព្រែកជីកហ្វូនណនតេជោ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»។
បទអន្តរាគមន៍នេះ ធ្វើឡើងក្នុងឱកាសលោក សយ សុភាព ចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងកិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ នៅទីក្រុងគុនមីង និងស៊ីសាំងប៉ានណា ខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃទី១៣ដល់១៧ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងអង្គពិធីលោក សយ សុភាព បានឱ្យដឹងថាគម្រោងសាងសង់ «ព្រែកជីកហ្វូនណនតេជោ» នៅប្រទេសកម្ពុជា ដែលឆ្លងកាត់ខេត្តចំនួន៤ (កណ្ដាល តាកែវ កំពត កែប) មុនមកដល់រាជធានីភ្នំពេញ ដែលមានប្រវែង១៩០គីឡូម៉ែត្រ គ្រោងចំណាយថវិកា ១.៧ពាន់លានដុល្លារ ហើយតាមការគ្រោងទុកនឹងរួចរាល់ នៅក្នុងឆ្នាំ២០២៩។
លោកបញ្ជាក់ប្រាប់ អង្គពិធីទាំងមូល ថា «ព្រែកជីកហ្វូនណនតេជោ» គឺជាគម្រោងដ៏មហាសាលមួយទៀត របស់ប្រទេសចិននិងកម្ពុជា អនុវត្តលើគម្រោងផ្លូវនិងខ្សែក្រវ៉ាត់ (BRI) ដែលបានដាក់ចេញដោយ ឯកឧត្ដម ស៊ី ជីនពីន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
គម្រោង «ព្រែកជីកហ្វូណនតេជោ» នៅពេលស្ថាបនារួចរាល់ សេដ្ឋកិច្ចកម្ពុជា នឹងរីកលូតលាស់យ៉ាងខ្លាំង តាមរយៈការដឹកជញ្ជួនទំនិញចេញចូល ដោយពុំចាំបាច់ឆ្លងកាត់ ពឹងប្រទេសជិតខាង។
ពិតណាស់មាន ព័ត៌មានជាច្រើន ដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធឃោសនា MMO ឬក៏បណ្ដាញព័ត៌មានផ្សេងទៀត បានធ្វើការវាយប្រហារយ៉ាងខ្លាំងថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន មិនអាចធ្វើការស្ថាបនាបានទេ នៅក្នុងប្រទេសកម្ពុជា ដោយប៉ះពាល់ទៅលើបរិស្ថាន និងចរន្តទឹក ដែលកន្លងមកយើងបានឃើញប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គ បានធ្វើការជំទាស់ហើយថែមទាំងទាមទារឱ្យកម្ពុជា ផ្ដល់ឯកសារនិងសិក្សាបន្ថែមទៀតដោយមិនត្រូវសាងសង់ នៅពេលនេះទេ។
ទោះជាយ៉ាងណាក៏ដោយប្រទេសកម្ពុជាបានសិក្សាយ៉ាងស៊ីជម្រៅច្បាស់លាស់ជាមួយនឹងប្រទេសចិន ហើយក៏បានសម្រេចទៅដល់ការស្ថាបនាមួយ ដែលរក្សាបាននូវបរិស្ថាន និងកំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច រវាងកម្ពុជានិងចិន។
លោកថា ក្រៅពីប្រទេសចិន ក្នុងក្របខណ្ឌផ្លូវនិងខ្សែក្រវ៉ាត់ (BRI) សាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាច្រើនទៀតនោះ «ព្រែកជីកហ្វូណនតេជោ» ពិតជាមានសារៈសំខាន់ណាស់ ដែលយើងហៅថាជាគម្រោងដ៏មហាសាល នៅក្នុងដឹកជញ្ជួនផ្លូវទឹក ហើយនេះក៏ជាការធ្វើឱ្យនឹកឃើញដល់អតីតកាលរាប់ពាន់ឆ្នាំ ដែលប្រទេសចិននិងប្រទេសកម្ពុជា មានទំនាក់ទំនងជាមួយគ្នាតាមរយៈ«ព្រែកជីកហ្វូណនតេជោ» នេះផងដែរ។ ដើមឡើយគ្មានប្រជាជនកម្ពុជា ណាម្នាក់ជឿថា មាន«ព្រែកជីកហ្វូណនតេជោ» នេះទេ។
លោក សយ សុភាព បន្ថែមថា ជាការពិតណាស់គឺ បណ្ដាញឃោសនាបរទេស ក៏ដូចជាក្នុងស្រុកមួយចំនួន បានធ្វើការវាយប្រហារយ៉ាងខ្លាំង មកលើប្រទេសចិន ថាគ្មានលទ្ធភាពនៅក្នុងការសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះទេ ហើយមិនអាចដំណើរការបានទេ ដែលជាហេតុធ្វើឱ្យប្រជាជនកម្ពុជា មានចិត្តមិននឹងនរ គិតថា ចិនអាចនឹងមិនជួយលើគម្រោងនេះ។ ប៉ុន្តែក្នុងនាមរូបលោក ជាអ្នកកាសែតម្នាក់ និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានព្យាយាមអត្ថាធិប្បាយ បញ្ជាក់ជំហរ យ៉ាងច្បាស់លាស់ថា «ព្រែកហ្វូណនតេជោ» ត្រូវតែសាងសង់ឱ្យបានសម្រេច ដើម្បីកំណើនសេដ្ឋកិច្ច មិនត្រឹមតែពេលបច្ចុប្បន្ននោះទេ ថែមទាំងទៅអនាគត ជាពិសេសគឺការអនុវត្តនយោបាយដ៏មហាសាលត្រឹមត្រូវបំផុតរបស់ លោក ប្រធានាធិបតី ស៊ី ជីនពីង ក្នុងផែនការយុទ្ធសាស្រ្ត ផ្លូវនិងខ្សែក្រវ៉ាត់ (BRI)។
ក្នុងន័យនេះ ដើម្បីទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ យើងត្រូវតែបន្តការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយតាមដានឱ្យបានជាប់ និងស្នើភាគីចិនផ្ដល់លទ្ធភាព ឱ្យបានស្រួលបំផុតឱ្យអ្នកសារព័ត៌មានចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយ អំពីការវិវត្តន៍នៃដំណើរការសាងសង់«ព្រែកជីកហ្វូណនតេជោ»រហូតដល់ទីបញ្ចប់។
ពេលនោះលោកជឿជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ ដែលមាន ចរិតវាយប្រហារ និងជំទាស់ទៅនឹងគម្រោងនេះ នឹងអស់ឥទ្ធិពល សាបរលាប៕









