ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជា ចំនួន ៤៥ ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែង នៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គាំទ្រការអភិវឌ្ឍឧស្សាហកម្ម សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់។

កិច្ចប្រជុំលើកទី៣៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារអន្តរជាតិ និងស្តង់ដារតំបន់ថ្មីចំនួន ៤៣ស្តង់ដារ និងវិសោធនកម្មចំនួន ២ស្តង់ដារ ជាស្តង់ដារកម្ពុជា។ ស្តង់ដារទាំងនេះរួមមាន ស្តង់ដារសហភាពអឺរ៉ុប (Eurocode) ចំនួន ១៣, ស្តង់ដារ ISO ចំនួន ២៦, ស្តង់ដារ IEC ចំនួន ៤, និងវិសោធនកម្មស្តង់ដារចំនួន ២ ។
ស្តង់ដារដែលបានអនុម័តគ្របដណ្តប់លើវិស័យចម្រុះ រួមមានវិស័យសំណង់និងវិស្វកម្ម សារធាតុនិងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រង ផលិតផលអគ្គិសនីនិងអេឡិចត្រូនិក ផលិតផលកៅស៊ូ យានយន្ត គ្រឿងសម្អាង និងផលិតផលឈើ។ ស្តង់ដារទាំងអស់ត្រូវបានពិនិត្យ និងឯកភាពដោយគណៈកម្មការបច្ចេក ទេស ចំនួន ៨ មុននឹងដាក់ជូនក្រុមប្រឹក្សាស្តង់ដារជាតិអនុម័ត។
ថ្លែងក្នុងកិច្ចប្រជុំលើកទី៣៣ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានបញ្ជាក់ថា ស្តង់ដារបានក្លាយជាឧបករណ៍គន្លឹះ ក្នុងការការពារផលប្រយោជន៍ សេដ្ឋកិច្ចជាតិ ក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកកាន់តែមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ។
លោក បានលើកឡើងថា «គោលបំណងរបស់យើង គឺការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ពាណិជ្ជកម្មអន្តរជាតិកាន់តែពឹងផ្អែកលើស្តង់ដារ។ ប្រសិនបើយើងមិនចូលរួមក្នុងការរៀបចំស្តង់ដារទាំងនោះទេ យើងមិនអាចការពារផលប្រយោជន៍របស់ធុរកិច្ច និងអ្នកនាំចេញរបស់យើងប្រកប ដោយប្រសិទ្ធភាពបានទេ»។
លោក ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការចូលរួមរបស់កម្ពុជា ក្នុងអង្គការស្តង់ដារអន្តរជាតិ ដូចជាអង្គការ ISO អង្គការ IEC និង អង្គការ Codex Alimentarius ដែលនឹងអនុញ្ញាតឱ្យកម្ពុជា រួមចំណែកកាន់តែសកម្ម ក្នុងការអភិវឌ្ឍស្តង់ដារអន្តរជាតិ ដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជាក្នុងដំណើរការរៀបចំស្តង់ដារទាំងនោះ៕









