ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍ ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាព ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវជនបទ”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាពការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” ។

សិក្ខាសាលានេះ មានគោលបំណងពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីបច្ចេកទេសរបស់ក្រសួង និងនៅមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ លើការងាររចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាព ឱ្យកាន់តែមានប្រសិទ្ធភាព លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្លើយតបទៅនឹងកំណើន នៃតម្រូវនិងបរិបទ នៃការអនុវត្តជាក់ស្តែង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍លើកឡើងអំពីកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋលេខាធិការប្រចាំការ បានបន្ដទៀតថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ដោយយកយុទ្ធសាស្រ្តគន្លឹះទាំង ៥ នៃគោលនយោបាយជាតិធ្វើជាកម្មវិធីអាទិភាព ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។

លោក ឈឹម សៅគី បានគូសបញ្ជាក់សង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការធ្វើធុរកិច្ចនានាដែលជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ និងធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។
ដូច្នេះដើម្បីធានាបាននូវគុណភាព និង ប្រសិទ្ធ ភាព នៃការ សាងសង់ ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ជនបទ ប្រកបដោយ ភាព ធន់ ទាមទារឱ្យមាននូវ បទដ្ឋានបច្ចេកទេស ការ សិក្សា គំនូសប្លង់លម្អិត ជាពិសេស ការស្ថាបនាផ្លូវប្រកបដោយគុណភាព និងមានការចុះត្រួតពិនិត្យ ដែល ស្របតាម គោលការណ៍ និង នីតិវិធីបច្ចេកទេស ផងដែរ ។

ក្នុងន័យនេះ សិក្ខាសាលា នា ថ្ងៃនេះ ពិតជាមានមានភាពចាំបាច់ ដើម្បីបង្កើន និង ពង្រឹង ប្រសិទ្ធភាព បន្ថែមទៀត និង ស្វែងរកធាតុ ចូល ពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំរុញ និង បង្កើន គុណភាព នៃការរចនាប្លង់លម្អិត និងការត្រួតពិនិត្យ ការ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជនបទ ឱ្យ កាន់តែប្រសើរឡើង។
ជាចុងក្រោយ រដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីចូលរួមឱ្យដំណើរសិក្ខាសាលានា ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យដូចការរំពឹងទុក៕














