Feature

កិច្ចការព្រំដែន នៅតែជាការងារ ការទូតយ៉ាងសកម្ម របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កិច្ចការព្រំដែនកម្ពុជា-ថៃ នៅតែជាការងារការទូតសកម្ម រស់រវើករបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងបុព្វហេតុជាតិនិងប្រជាជន ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅតែជាសកម្មភាពការទូតដ៏រស់រវើកនិងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយតាមយន្តការនានា។

លោកបន្តថា ជាក់ស្តែង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបទៅឯកអគ្គរាជទូតជប៉ុន អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ និងបានថ្លែងអំណរគុណ ចំពោះជប៉ុនដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា នៅតាមបណ្តោយព្រំដែន ។ ឯកអគ្គរាជទូតជប៉ុនក៏បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានសម្តែងនូវឆន្ទៈ និងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ ។

អ្នកនាំពាក្យបន្ថែមថា ដោយឡែក ក្នុងឱកាសទទួលជំនួបសម្តែងការគួរសម ពីតំណាងការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកទៅកាន់ផ្ទះសម្បែងរបស់ពួកគេដោយសុវត្ថិភាព គ្មានការរារាំង និងសេចក្តីថ្លៃថ្នូរ៕

To Top