សម្តេចតេជោ ៖ កម្ពុជា-ជប៉ុន ក្លាយជាដៃគូយុទ្ធសាស្រ្ត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ជប៉ុនតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន បានក្លាយទៅជាដៃគូយុទ្ធសាស្រ្តជាមួយ ដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោក អឹអិណុ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា សម្តេចតេជោលើកឡើងថា ទោះបីជាពេលនេះ លោកទូតបានផុតអាណត្តិជាឯកអគ្គរាជទូតប្រចាំ នៅកម្ពុជាក៏ដោយ លោកនឹងនឹកឃើញអនុស្សាវរីយ៍ ដែលលោកបានខិតខំប្រឹងប្រែង ក្នុងការកសាងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែរីកចម្រើន ។

អ្នកនាំពាក្យបន្តថា “មកដល់ពេលនេះប្រទេសទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងវិស័យសន្តិសុខ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន គឺមានភាពផុសផុល និងរីកចម្រើនជាលំដាប់ ដែលបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹងមាំបន្តទៀត” ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជប៉ុន ដែលតែងតែគាំទ្រ និងជួយកម្ពុជានាពេលកន្លងមក ទាំងក្នុងក្របខណ្ឌ ស្វែងរកការចូលរួម ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា , ការចូលរួមចំណែកដោះស្រាយការដោះមីន និងការគាំទ្ររបស់ជប៉ុនលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការកសាងផ្លូវ ស្ពាន និងកំពង់ផែជាដើម ។

នាឱកាសនោះ ឯកអគ្គរាជទូត បានកោតសរសើរ ចំពោះការរីកចម្រើនកម្ពុជា ដែលលោកបានលើកឡើងថា មិនមែនត្រឹមតែលោក បានធ្វើជាឯកអគ្គរាជទូតទេ ប៉ុន្តែលោកបានអញ្ជើញមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយបានឃើញអំពីភាពរីកចម្រើនរបស់កម្ពុជា ដែលលោកបញ្ជាក់ថា រយៈពេលជាង៣០ឆ្នាំមកនេះ មិននឹកស្មានថា កម្ពុជាអាចដើរមកដល់ពេលនេះបានទេ ៕

