អំពូលបំភ្លឺផ្លូវ ថាមពលពន្លឺព្រះអាទិត្យ តម្លៃ៥លានដុល្លារ នឹងដាក់ពង្រាយ នៅរាជធានី-ខេត្ត ១៣
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា អំណោយជាប្រព័ន្ធអំពូលបំភ្លឺផ្លូវ ថាមពលពន្លឺព្រះអាទិត្យ មានតម្លៃប្រមាណជា៥លានដុល្លារ នឹងត្រូវដាក់ពង្រាយនៅរាជធានី-ខេត្តចំនួន ១៣ នៅទូទាំងប្រទេសកម្ពុជា ។

ការលើកឡើងបែបនេះ របស់លោក កែវ រតនៈ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងអំពូលភ្លើងបំភ្លឺ ប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។
រដ្ឋមន្រ្តីក្រសួងរ៉ែលើកឡើងទៀតថា អំណោយជាប្រព័ន្ធអំពូលបំភ្លឺផ្លូវ ថាមពលពន្លឺព្រះអាទិត្យតម្លៃប្រមាណជា៥លានដុល្លារនេះ នឹងត្រូវដាក់ពង្រាយនៅរាជធានី-ខេត្តទាំង១៣ ក្នុងរយៈពេលមិនលើសពី២ឆ្នាំ ។

លោកបន្តថា ការបំពាក់អំពូលបំភ្លឺផ្លូវនេះ ដើម្បីបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ លើកសោភ័ណភាព និងពង្រឹងសន្តិសុខសាធារណៈ ។ លោក កែវ រតនៈ បន្ថែមថា នេះជាការរុញផ្លែផ្កានៃការអភិវឌ្ឍផ្នែកអគ្គិសនីបន្ថែមទៅប្រជាពលរដ្ឋ ក្រោមការសហការរបស់ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ៕










