ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា អំពាវនាវអតីតពលករ មកចូលរួមធ្វើតេស្ត RPL ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញ បង្កើនឱកាសការងារ និងទាក់ទាញការវិនិយោគ

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានអំពាវនាវដល់អតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងមានជំនាញស្រាប់ ឱ្យមកទទួលការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ បង្កើនឱកាសការងារ និងទាក់ទាញការវិនិយោគ។

លោក ប៉ាវ ស៊ីណា បានលើកឡើងថា កម្មវិធី RPL គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដែលជួយឱ្យជំនាញ និងបទពិសោធការងារដែលពលករទទួលបានពីការងារជាក់ស្តែង ត្រូវបានទទួលស្គាល់ជាផ្លូវការ។ លោកបានជំរុញឱ្យបងប្អូនអតីតពលករ កម្មករនិយោជិត យុវជន និងសាច់ញាតិរបស់កម្មករ នាំគ្នាមកចូលរួមធ្វើតេស្តវាយតម្លៃនេះ ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញដែលអាចប្រើប្រាស់សម្រាប់ការស្វែងរកការងារ ការដំឡើងតំណែង និងការបង្កើនប្រាក់ចំណូល។

មេសហជីពរូបនេះបានបញ្ជាក់ថា កម្មវិធី RPL មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់គុណភាពកម្លាំងពលកម្មរបស់កម្ពុជាទាំងមូលផងដែរ។ ការមានវិញ្ញាបនបត្របញ្ជាក់ជំនាញតាមស្តង់ដារជាតិ នឹងធ្វើឱ្យនិយោជក និងវិនិយោគិនកាន់តែមានទំនុកចិត្តលើសមត្ថភាពរបស់កម្លាំងពលកម្មកម្ពុជា។

លោកបានគូសបញ្ជាក់ថា ការទទួលស្គាល់ជំនាញតាមរយៈកម្មវិធី RPL គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ នៅពេលកម្លាំងពលកម្មត្រូវបានបញ្ជាក់ថាមានជំនាញច្បាស់លាស់ និងស្របតាមស្តង់ដារ វានឹងជួយបង្កើនភាពជឿជាក់ពីសំណាក់ក្រុមហ៊ុន និងវិនិយោគិនបរទេស ដែលកំពុងស្វែងរកធនធានមនុស្សមានគុណភាពសម្រាប់ការវិនិយោគរបស់ខ្លួន។

លោក ប៉ាវ ស៊ីណា ជឿជាក់ថា កម្មវិធី RPL នឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជំនាញ ការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយពង្រឹងសក្តានុពលកម្លាំងពលកម្មជាតិ និងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា៕

To Top