Feature

ក្រសួងបរិស្ថាន ចាត់វិធានការក្រុមហ៊ុន២ នៅរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញក្រុមហ៊ុន២ នៅរាជធានីភ្នំពេញ បានបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន និងតម្រូវឱ្យអនុវត្តវិធានការច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីការពារបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈ។

ជុំវិញករណីនេះ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងបានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD. និងក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារ បានរកឃើញថា ក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បានធ្វើដុតកម្ទេចក្រណាត់ក្នុងឡទី១ ប្រមាណ ១០០បាវ/ថ្ងៃ (៣០គ.ក្រ/បាវ) និងក្នុងឡទី២ បានដុតអុសចំនួន ១០-១៥ម៉ែត្រគូប/ថ្ងៃ និងប្រើប្រាស់ប្រេងម៉ាស៊ូតសម្រាប់បង្កើនចំហេះ។

ទោះបីក្រុមហ៊ុនមានបំពាក់តម្រងចម្រោះផ្សែង ប៉ុន្តែសក្តានុពលប្រភពបំពុល ត្រូវបានត្រួតពិនិត្យជាបឋម រកឃើញថាគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ឃើញថាលទ្ធផលលើសកម្រិតកំណត់ស្ដង់ដារ។ លើសពីនេះ ក្រុមហ៊ុន បានរៀបចំឱ្យមានកិច្ចសន្យាការពារបរិស្ថាន ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់នៅឡើយ។

នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ត្រូវបានក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់បង្កាត់ភ្លើងក្នុងឡចំហាយ ប្រហែល ១០គ.ក្រ/ថ្ងៃ ដែលឡចំហាយជាប្រភេទឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងនោះទេ។

ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ឃើញថាលទ្ធផលលើសកម្រិតស្ដង់ដារ។ ក្រុមហ៊ុននេះ មិនបានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

នៅចំពោះមុខក្រសួងបរិស្ថាន បានចាត់វិធានការចំពោះក្រុមហ៊ុនទាំង២ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ត្រូវទទួលរងពិន័យអន្ដរការណ៍ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ ជាមួយគ្នានេះ ក្រុមហ៊ុន ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងត្រូវបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដាកំណត់។

To Top