រដ្ឋមន្រ្តីសុខាភិបាល ៖ ការបម្រើសេវាសុខាភិបាល ដោយបេះដូងជាកត្តាកំណត់គុណភាព
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៣ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ២៨៩៣ នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការបម្រើសេវាសុខាភិបាល ដោយបេះដូងជាកត្តាកំណត់គុណភាពមូលដ្ឋានសុខាភិបាល ។

នាឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ ដល់មណ្ឌលសុខភាពទាំង១០ ដែលជាម្ចាស់ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥ និងបានសង្កត់ធ្ងន់ថាជ័យលាភីនេះ ជាជ័យលាភី របស់មណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស ក្នុងការទាក់ទាញទំនុកចិត្តរបស់ប្រជាជន ដោយផ្តោតសំខាន់លើ «អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ»។
សាស្រ្តាចារ្យ មានប្រសាសន៍ផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និង មន្ត្រីសុខាភិបាលទាំងអស់ រក្សាឱ្យបាននូវកិតិ្តយស និងកេរ្តិ៍ឈ្មោះដែលបានមកពីការខិតខំប្រឹងប្រែង បម្រើសេវាដោយប្រើបេះដូង។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកប្រធានបទទាក់ទង នឹងភាពជាអ្នកដឹកនាំ ក្នុងវិស័យសុខាភិបាលមកចែករំលែក និងបានសម្កែងការកោតសរសើរ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ដែលបានប្រើប្រាស់ភាពជាអ្នកដឹកនាំ ក្នុងការធ្វើយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម និងត្រៀមខ្លួនក្នុងការឆ្លើយតបគ្រោះធម្មជាតិ ដែលអាចកើតមាននៅក្នុងរដូវវស្សានេះ។
ជាមួយគ្នានេះ មណ្ឌលសុខភាព វាលដេញ ក៏បានធ្វើបទបង្ហាញពីដំណោះស្រាយសម្រាប់កាត់បន្ថយការរង់ចាំរបស់អ្នកជំងឺ ក្នុងការមកទទួលសេវា នៅមណ្ឌលសុខភាពតាមរយៈ ការបង្កើនការតាំងចិត្តរបស់បុគ្គលិក ការបង្តើតប្រព័ន្ធចែកលេខ និងលំហូរអ្នកជំងឺ៕

















