Feature

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ សេវាសាធារណៈល្អ មិនចាប់ផ្តើមពីពាក្យសន្យានោះទេ ប៉ុន្តែចាប់ផ្តើមពីការអនុវត្ត ការងារជាក់ស្តែង

ភ្នំពេញ ៖ «សេវាសាធារណៈល្អ មិនចាប់ផ្តើមពីពាក្យសន្យានោះទេ ប៉ុន្តែចាប់ផ្តើមពីការអនុវត្តការងារជាក់ស្តែង ឈរលើឆន្ទៈ និងមនសិការបម្រើប្រជាជន» នេះជាផ្នែកមួយនៃអនុសាសន៍ ចំនួន៨ ដែល លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់ សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ផ្តល់ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ដើម្បីត្រៀមលក្ខណៈ សម្រាប់ការអនុវត្តបន្តនាពេលខាងមុខ ។

ក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥» លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ថ្ងៃនេះ មិនមែនគ្រាន់តែជាថ្ងៃសម្រាប់ប្រកាសឈ្មោះជ័យលាភីតែប៉ុណ្ណោះទេ ប៉ុន្តែ ជាថ្ងៃសម្រាប់អបអរសាទរ ចំពោះការខិតខំប្រឹងប្រែង ជាក់ស្តែងរបស់អង្គភាពនៅតាម មូលដ្ឋាន ដែលបានបម្រើប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ»។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា «ថ្ងៃនេះ គឺជាថ្ងៃដែលយើងទាំងអស់គ្នា ត្រូវរម្លឹកឡើងវិញថា សេវាសាធារណៈល្អ មិនចាប់ផ្តើមពីពាក្យសន្យានោះទេ ប៉ុន្តែចាប់ផ្តើមពីការអនុវត្តការងារជាក់ស្តែង ឈរលើឆន្ទៈ និងមនសិការបម្រើប្រជាជន ដោយការទទួលខុសត្រូវ ការគ្រប់គ្រងការងារបានល្អ និងការចូលរួមរបស់សហគមន៍ ដែលមានប្រជាជន អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ»។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ជ័យលាភីដែលទទួលបានថ្ងៃនេះ គឺជាកិត្តិយសរបស់អង្គភាពផ្ទាល់, របស់ មន្ត្រីគ្រប់ជាន់ថ្នាក់នៃអង្គភាព អាជ្ញាធរមូលដ្ឋាន សហគមន៍ ដៃគូអភិវឌ្ឍ និងប្រជា ពលរដ្ឋដែលបានយកចិត្តទុកដាក់ក្នុងការចូលរួម សហការ គាំទ្រ និងជំរុញការកែលម្អ គុណភាព ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈនៅក្នុងអង្គភាព និងមូលដ្ឋានរបស់ខ្លួន៕

To Top