Feature

កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា 

‎កំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត អមដំណើរលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាំងទន្លេ សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦។ 

ពិធីនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូ គណៈកម្មាធិការកណ្តាល ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ប្រមាណ២០០នាក់។ 

‎ឆ្លៀតក្នុងឱកាសនោះលោកកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតាមដានពីសុខទុក្ខ និងដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តជនជាបន្តបន្ទាប់ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងដោយលោក នូ ស៊ីថា។

‎លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា ការសាងសង់ទីស្នាក់ការសមាគមធ្វើឡើង ក្នុងគោលបំណងជួយសម្របសម្រួល និងផ្តល់សេវា ព្រមទាំងដោះស្រាយបញ្ហាប្រឈមទាំងឡាយជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា។ ការសាងសង់ទីស្នាក់ការសមាគម អ.ន.ក.ខេត្ត គឺជាកន្លែងប្រមូលផ្តុំរបស់មន្រ្តី ដើម្បីអនុវត្ត និងផ្តល់សេវាលើតម្រូវការ ព្រមទាំងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូប។

‌‎លោក បានបន្តថា បន្ទាប់ពីទីស្នាក់សមាគមបានសាងសង់រួចរាល់ជាស្ថាពរ សូមសមាជិក-សមាជិការទាំងអស់នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សមាជិកនីមួយៗ ដើម្បីលើកជាសំណើ និងរបាយការណ៍ជូនថ្នាក់ដឹកនាំ។

លោកបានណែនាំដល់ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ធ្វើបច្ចុប្បន្នភាពចំពោះអតីតយុទ្ធជន និងនិវត្តជនណាមានជីវភាពទីទ័លដែលស្នើសុំផ្ទះដីឡូត៍ ត្រូវពិនិត្យ និងរៀបចំសំណើមកថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល អ.ន.ក. ដើម្បីពិនិត្យ និងសម្រេចផងដែរ៕

ដោយ:សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតដើមអម្ពិល

To Top