កម្ពុជា ជំរុញការអភិវឌ្ឍ និងអភិបាលកិច្ច AI ប្រកបដោយមនុស្សធម៌ និងអត្តសញ្ញាណវប្បធម៌ខ្មែរ
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាកំពុងជំរុញការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយមនុស្សធម៌ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីជំរុញនវានុវត្តន៍ និងបរិវត្តកម្មសេដ្ឋកិច្ច ទន្ទឹមនឹងធានាឱ្យការអភិវឌ្ឍនេះ ឈរលើគ្រឹះ នៃក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងអត្តសញ្ញាណ វប្បធម៌របស់កម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ និងអរិយធម៌សម្រាប់កម្ពុជា» លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ត្រូវរក្សាតុល្យភាពរវាងការជំរុញវឌ្ឍនភាពបច្ចេកវិទ្យា និងការការពារមនុស្ស សង្គម និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា។
លោក ហែម វណ្ណឌី បានលើកឡើងថា «បញ្ញាសិប្បនិម្មិត មិនត្រឹមតែជាកម្លាំងចលករ សម្រាប់ជំរុញកំណើន សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានសារសំខាន់ ក្នុងការការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌ និងលើកកម្ពស់សុខដុមភាពសង្គមផងដែរ»។
សិក្ខាសាលានេះបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញបច្ចេកវិទ្យា ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន ដើម្បីពិភាក្សាអំពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ដែលគាំទ្រនវានុវត្តន៍ ព្រមទាំងលើកកម្ពស់អភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ ទំនុកចិត្តសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក រដ្ឋមន្ត្រី បានបន្ថែមថា «យើងត្រូវរក្សាឱ្យបាននូវតុល្យភាពយ៉ាងហ្មត់ចត់ រវាងការជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងការគ្រប់គ្រងហានិភ័យរបស់វាប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍យូរអង្វែងរបស់សង្គមជាតិយើងទាំងមូល»៕









