ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់ហ្វីលីពីន ពីជំហរកម្ពុជាដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្តរជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រាប់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាថា គោលជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធីតាមរយៈយន្តការអន្តរជាតិ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានថ្លែងក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកស្រី ហ្ល្វើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ថា ជំហររបស់កម្ពុជានៅតែគោរពទៅតាមគោលការណ៍អន្តរជាតិ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ ។

លោកបញ្ជាក់ថា “ក្នុងជំនួបនោះ សម្តេចតេជោបានលើកឡើង ពីបញ្ហាព្រំដែន រវាងកម្ពុជានិងថៃ ទៅកាន់លោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ដោយសម្តេចបានបញ្ជាក់ នូវជំហរជាថ្មីជូន ចំពោះលោកជំទាវថា កម្ពុជាប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការដែលមានស្រាប់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា នាពេលកន្លងមក” ។

ជាកិច្ចឆ្លើយតប នៅចំពោះមុខសម្តេចតេជោ ឯកអគ្គរដ្ឋទូតហ្វីលីពីនបញ្ជាក់ថា ក្នុងនាមហ្វីលីពីន ជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ។

សូមបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន​ របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕

To Top