Feature

អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅក្នុងស្រុកចំការលើ 

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រារព្ធពិធីបើកយុទ្ធនាការដើម្បីរួមគ្នាប្រយុទ្ធនិងជំងឺគ្រុនឈាម  ក្នុងស្រុកចំការលើ ។ 

ក្នុងឱកាសដ៏មានសារៈសំខាន់នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា សម្រាប់ខែកក្កដានេះ គឺជាកំឡុងពេលដែលភ្លៀងធ្លាក់ជោកជាំ ដែលបង្កលក្ខណៈងាយស្រួលដល់ការកកើតសត្វមូសខ្លា ដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម យ៉ាងសកម្ម។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ជំងឺគ្រុនឈាម មិនត្រឹមតែបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចឆក់យកជីវិតជាពិសេសកុមារតូចៗ ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ បើសិនជាយើងមានការធ្វេសស។ ហេតុនេះ យុទ្ធនាការដែលយើងប្រារព្ធធ្វើឡើងនៅស្រុកចំការលើ នាថ្ងៃនេះ គឺពិតជាមាន

សារៈសំខាន់ខ្លាំងណាស់ ក្នុងការដាស់តឿន និងបំផុសចលនា ឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ មានករណីសង្ស័យជំងឺគ្រុន សរុប ១.៥៣០ ករណី បើធៀបនឹងខែកក្កដា ឆ្នាំ២០២៥ កើនឡើង ៧២៣ករណី ស្មើនឹង៨៩,៦% និងស្លាប់ ៤ករណី បើធៀបនឹងខែកក្កដា ឆ្នាំ២០២៥ កើនឡើង ១ករណីស្មើនឹង៣៣,៣៣% (ក្នុងឆ្នាំ២០២៦ ស្លាប់នៅពេទ្យខេត្ត ១ករណី និងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ៣ករណី ។ ដូច្នេះទើបយើងរៀបចំកម្មវិធីបើកយុទ្ធនាការនេះឡើង ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅស្រុកចំការលើ និងគ្រប់ស្រុកទាំងអស់ក្នុងខេត្តកំពង់ចាមក្នុងន័យដាស់តឿន និងបំផុសចលនាគ្រប់មជ្ឈដ្ឋានឱ្យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top