ព័ត៌មានជាតិ

កម្ពុជា ស្នើថៃអប់រំ និងរឹតបណ្តឹងវិន័យ កងកម្លាំងជួរមុខរបស់ខ្លួន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ភាគីកម្ពុជាស្នើឱ្យភាគីថៃចូលរួមសហការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានសកម្ម ភាពណាមួយ អាចនាំទៅដល់ការបាញ់បោះ រាយលួសបន្លា និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្នុងកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅឯច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួសនៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេចហើយសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក(JBC)ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោកបន្តថា ពាក់ព័ន្ធនឹងហេតុការណ៍ការបាញ់ និងបង្កការផ្ទុះនៅតាមព្រំដែន ភាគីកម្ពុជាស្នើឱ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ ។

អ្នកនាំពាក្យបញ្ជាក់ថា “ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម” ។

លោកបន្ថែមថា ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី តាមរយៈការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃការពិត ជាពិសេសការទប់ស្កាត់ព័ត៌មានដែលមានចរិតលក្ខណៈអុជអាល នាំឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា៕

To Top