Beijing Star AI ចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ភ្នំពេញ ៖ លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltdបានលើកឡើងថា ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI នៅកម្ពុជា ។

ការលើកឡើងរបស់លោក Zhang Weiបែបនេះ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ។

ក្នុងជំនួបនោះ ប្រធានក្រុមហ៊ុនបានជម្រាបសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយគូសបញ្ជាក់ថា ក្រុមហ៊ុន Beijing Star AI ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Generated Content – AIGC) ។ បន្ថែមលើនេះ, ក្រុមហ៊ុនក៏ជាស្ថាប័នដំបូងគេនៅលើពិភពលោក ដែលបានកសាងសហគមន៍បង្កើតវីដេអូ AIGC ពេញលេញក្នុងកន្លែងតែមួយ (One-Stop Community) ព្រមទាំងបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធ AI Agent ក្នុងកម្រិតភាពយន្តដំបូង គេបង្អស់នៅលើសកលលោក។

ជាមួយគ្នានោះ, ប្រធានក្រុមហ៊ុនក៏បានជម្រាបសម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន ៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រ វៃឆ្លាតប្រចាំតំបន់អាស៊ា , មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត , មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន ។

ជាការឆ្លើយតប, សម្ដេចធិបតីអបអរសាទរ ចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា ។ ក្នុងន័យនេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សា និងចាប់យកកាលានុវត្តភាពវិនិយោគ ជាក់ស្តែងនៅកម្ពុជា៕










