Feature

ឧត្តមសេនីយ៍ឯក ហេង ធូ ៖ សិក្ខាកាម ក្នុងវគ្គបំប៉នជំនាញបើកបរ បញ្ជារថយន្ត និងគ្រឿងចក្រត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺន

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិ ទទួលបន្ទុកជំនាញគ្រប់គ្រងស្តង់ដារ សម្ភារ និងបច្ចេកទេស បានណែនាំឱ្យសិក្ខាកាម ដែលចូលរួមក្នុងវគ្គបំប៉នជំនាញបើកបរ បញ្ជា ប្រើប្រាស់ និងថែទាំរថយន្ត និងគ្រឿងចក្រត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺន ។

ការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ហេង ធូ នេះ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាលជាមួយសិក្ខាកាម ដែលកំពុងបំប៉នជំនាញបើកបរ បញ្ជា ប្រើប្រាស់ និងថែទាំរថយន្ត និង គ្រឿងចក្រ នៃកងវិស្វកម្មពហុជំនាញលេខ៨៦៤ ដែលត្រៀមប្តូរវេន ទៅបំពេញបេសកកម្ម អ.ស.ប. នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាពេលខាងមុខ ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ក៏បានអញ្ជើញពិនិត្យការអនុវត្តជាក់ស្តែងលើការប្រើប្រាស់ និងការបញ្ជារថយន្តស្ទូច ម៉ូដែល SRC300T ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្ត ស្របតាមខ្លឹមសារមេរៀនដែលក្រុមហ៊ុនបានបណ្តុះបណ្តាលកន្លងមក។ ដោយលោកឧត្តមសេនីយ៍ឯក បានណែនាំឱ្យសិក្ខាកាមបន្តយកចិត្តទុកដាក់ថែទាំ និងហ្វឹកហាត់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់របស់កងកម្លាំងឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ លោកអគ្គនាយករង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិ ជូនដល់សិក្ខាកាមទាំងអស់។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យសិក្ខាកាម បន្តយកចិត្តទុកដាក់ហ្វឹកហាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមបទដ្ឋានស្តង់ដារ បច្ចេកទេសរបស់ អ.ស.ប. ដើម្បីធានាឱ្យការបំពេញភារកិច្ចទទួលបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំ ការរៀបចំទុកដាក់ និងការលាងសម្អាតរថយន្ត គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពការងារ ៕

To Top