Feature

កម្ពុជា-ប្រេស៊ីល ស្វែងរកកិច្ចប្រតិបត្តិការ​ វិស័យកសិឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្ម កសិឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។

ជំនួបនេះធ្វើឡើងស្របពេលដែលកម្ពុជា និងប្រេស៊ីលទើបបើកស្ថានតំណាងប្រចាំប្រទេសរបស់ខ្លួនទៅវិញទៅមក ដែលបង្កើតឱកាសថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល សម្រួលពាណិជ្ជកម្មនិងវិនិយោគ និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។

លោក ហែម វណ្ណឌី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញបរិវត្តកម្មឧស្សាហកម្ម និងភាពចាំបាច់នៃការឈានចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃ តាមរយៈការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងការកែច្នៃកសិផល។

លោក រដ្ឋមន្ត្រីបានលើកឡើងថា «កម្ពុជាកំពុងពន្លឿន ឧស្សាហូបនីយកម្ម ខណៈយើងត្រៀម លក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។ យើងស្វាគមន៍កិច្ចសហ ការកាន់តែជិតស្និទ្ធជាមួយប្រេស៊ីលលើការកែច្នៃកសិផល គ្រឿងម៉ាស៊ីន ការចាប់យកបច្ចេកវិទ្យា ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា»។

លោក រដ្ឋមន្ត្រី ក៏បានស្នើដល់សមភាគីប្រេស៊ីលឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នៃប្រទេសទាំងពីរ តាមរយៈភាពជាដៃគូជាក់ស្តែង រួមទាំងជាមួយវិទ្យាស្ថានស្រាវជ្រាវ មន្ទីរពិសោធន៍ មជ្ឈមណ្ឌលមាត្រាសាស្ត្រ និងអង្គភាពបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងលើកទឹកចិត្តឱ្យធុរកិច្ចប្រេស៊ីលស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

លោកស្រី ឯកអគ្គរដ្ឋទូត Vivian Loss Sanmartin បានលើកឡើងថា ប្រេស៊ីលមើលឃើញសក្តានុពលដ៏ធំដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការកែច្នៃអាហារ កសិកម្មតំបន់ត្រូពិក រដ្ឋាភិបាលឌីជីថល ថាមពលកកើតឡើងវិញ និងកិច្ចសហការបច្ចេកទេស។

លោកស្រី Sanmartin បានលើកឡើងថា “ប្រេស៊ីលមានគ្រឿងបរិក្ខារ ជំនាញ និងបច្ចេកវិទ្យាសមស្រប ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង ក្នុងការបន្ថែមតម្លៃដល់កសិផលរបស់កម្ពុជា។ យើងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែង មិនមែនត្រឹមតែការពិភាក្សាទេ ដើម្បីបង្កើតលទ្ធផលពិតប្រាកដសម្រាប់ប្រទេសទាំងពីរ»៕

To Top