ផ្លូវបេតុងប្រវែង៦៦០ ម៉ែត្រ ត្រូវបានសម្ពោធ ដាក់អោយប្រើប្រាស់ ដែលស្ថិតនៅសង្កាត់សំបួរក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប តំណាង លោក នួន ពុទ្ធារ៉ាអភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីសម្ពោភផ្លូវបេតុងមួយខ្សែរប្រវែង៦៦០ ម៉ែត្រ ទទឹង៦ ម៉ែត្រ កម្រាស់ ០.១៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាគង់ សង្កាត់សំបួរ ជាប់ព្រំប្រទល់ ជាមួយ ភូមិគ្រួស សង្កាត់ស្វាយដង្គំ និងភូមិរកាធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

ផ្លូវបេតុងមួយខ្សែនេះ សាងសង់ឡើងដោយមានការចូលរួម ពីបងប្អូនសប្បុរសជន នឹងបងប្អូនរស់នៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនេះ លោកអភិបាលរង បានសម្តែង នូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ដែលបានកើតឡើង ដោយសារសទ្ធាជ្រះថ្លា និងទឹកចិត្តសប្បុរស របស់បងប្អូនសប្បុរសជន ព្រមទាំងការចូលរួមគាំទ្រ ពីអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់។

ជាពិសេសផ្លូវមួយខ្សែនេះ មិនមែនគ្រាន់តែជាផ្លូវសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែជាសមិទ្ធផលដ៏មានតម្លៃ ដែលបានបង្ហាញពីការ សាមគ្គីភាព ការចូលរួម និងការទទួលខុសត្រូវរួមគ្នា ក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ហើយសមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល ការសិក្សារបស់សិស្សានុសិស្ស ការទទួលបានសេវាសុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍ ទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍសង្កាត់យើងទាំងមូល ឱ្យកាន់តែមានសក្ដានុពល។

ជាចុងក្រោយ លោកហាយយង់ បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះដោយការទទួលខុសត្រូវ ដើម្បីឱ្យសមិទ្ធផលនេះអាចបម្រើផលប្រយោជន៍ជូនសហគមន៍បានយូរអង្វែង ។


ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល









