Feature

លោកខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក នាយិកាសាលារៀនទូទាំងស្រុកក្រគរដើម្បីស្វែងយល់ពីស្ថានភាពការងារអប់រំ

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកក្រគរ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក នាយិកាសាលារៀនទូទាំងស្រុក ដើម្បីស្វែងយល់ពីស្ថានភាពការងារអប់រំ លើកទឹកចិត្តដល់បុគ្គលិកអប់រំ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។

ក្នុងឱកាសនោះ លោក ខូយ រីដា បានប្រគល់ពានស្ដង់ដាសាលារៀនគំរូ ឆ្នាំ២០២៥ ដល់សាលាអនុវិទ្យាល័យអន្លង់ត្នោត និងប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូកម្រិតរាជធានី ខេត្ត ឆ្នាំ២០២៥ ដល់សាលាអនុវិទ្យាល័យអន្លង់ត្នោត និងសាលាបឋមសិក្សាឈើតុំ។

លោកអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានចំណេះដឹង សីលធម៌ វិន័យ និងបំនិនជីវិត សម្រាប់ក្លាយជាធនធានមនុស្សដ៏មានតម្លៃក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ខណៈលោកគ្រូ អ្នកគ្រូ គឺជាអ្នកបង្កើតធនធានមនុស្ស និងជាអ្នកបំភ្លឺផ្លូវចំណេះដឹងដល់យុវជនជំនាន់ក្រោយ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាពង្រឹងគុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាដែលល្អប្រសើរ។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យចូលរួមថែរក្សាបរិស្ថានក្នុងបរិវេណសាលារៀន តាមរយៈការដាំដើមឈើ ជាពិសេសដើមក្ងោក ដែលជាប្រភេទដើមឈើផ្តល់ម្លប់ សោភ័ណភាព និងបរិយាកាសបៃតង។ ឯកឧត្តមបានណែនាំឱ្យមានការថែទាំ ស្រោចទឹក កាត់សម្អាត និងការពារដើមឈើឱ្យបានល្អ ដើម្បីធានាការលូតលាស់ប្រកបដោយនិរន្តរភាព និងរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

លោកអភិបាលខេត្តបានបន្ថែមថា សាលារៀនមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ និងការទទួលខុសត្រូវចំពោះសហគមន៍ផងដែរ។ ការដាំ និងថែរក្សាដើមឈើនៅតាមសាលារៀន គឺជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សក្នុងការចូលរួមអភិរក្សបរិស្ថាន និងកសាងសាលាបៃតងស្អាត។

តាមរយៈជំនួបសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រោយបញ្ចប់ពិធីសំណេះសំណាល លោកអភិបាលខេត្ត ក៍បានដឹកនាំក្រុមការងារសាលាស្រុកក្រគរ ចុះពិនិត្យ និងកាត់តម្រឹម តែងមែកឈើនៅតាមបណ្តោយទ្រូងផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព បង្កើតបរិស្ថានស្អាត និងធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top