ពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦ នឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ការផ្ទេរបច្ចេកវិទ្យា និងការបើកទូលាយ ឱកាសវិនិយោគថ្មីៗ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានបញ្ជាក់ថា មហាសន្និបាតអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ ឧស្សាហកម្មលើកនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្ទេរបច្ចេកវិទ្យា ការបង្កើតភាពជាដៃគូ ការភ្ជាប់ណ្តាញធុរកិច្ច និងការបើកទូលាយ ឱកាសវិនិយោគថ្មីៗ ដែលនឹងរួមចំណែកជំរុញការធ្វើទំនើប កម្មឧស្សាហកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង របស់កម្ពុជាក្នុងតំបន់ និងពិភពលោក ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងក្នុងមហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មនសព្រឹកថ្ងៃទី១៧ កក្តដា ឆ្នាំ២០២៦បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរវិធីសាស្ត្រផលិតទំនិញរបស់ពិភពលោក ។ បញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្ម ក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត បច្ចេកវិទ្យាឌីជីថល និងផលិតកម្មឆ្លាតវៃ កំពុងក្លាយជាកត្តាកំណត់ សមត្ថភាពប្រកួតប្រជែង របស់ប្រទេសនីមួយៗ ។ សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅសង្វៀននេះបានទេ ។
លោកបញ្ជាក់ថា ៖ ” យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពផលិតផល និងពង្រឹងភាព ប្រកួតប្រជែងរបស់សហ គ្រាសរបស់យើង” ។

លោកបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធនវានុ វត្តន៍ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គុណភាពជាតិ ដើម្បីគាំទ្រការធ្វើបរិវត្តកម្មឧស្សាហកម្មកម្ពុជា ឱ្យកាន់តែមានផលិតភាព គុណភាព និង សមត្ថភាពប្រកួត ប្រជែង។
ជាមួយគ្នានេះ ក្រសួងបន្តគាំទ្រការរៀបចំពិព័រណ៍ឧស្សាហកម្ម និងកិច្ចសហការ ជាមួយសមាគមធុរកិច្ច និងក្រុមហ៊ុនឈានមុខនានា ក្នុងការនាំយកបច្ចេកវិទ្យា ដំណោះស្រាយ គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងនវានុវត្តន៍ថ្មីៗ មកបង្ហា ញ និងចែករំលែកជាមួយសហគ្រាសនៅកម្ពុជា។

យោងតាមរបាយការណ៍របស់សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា មហាសន្និបាតអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មនា ឱកាសនេះ បាននាំយករោងចក្រ សហគ្រាសផលិតកម្មចំនួន ១៦២ ក្រុមហ៊ុន ក្នុងនោះមកពីប្រទេសចិន ចំនួន៣៦ក្រុមហ៊ុន ក្រុមហ៊ុនវិនិយោគ នៅប្រទេសកម្ពុជាមាន ចំនួន១១៨ ក្រុមហ៊ុន ដែលមានស្តង់តាំងបង្ហាញផលិតផលឧស្សាហកម្ម និងបច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិត កម្ម សរុបចំនួន១៩៩ស្តង់ ។
លោកបញ្ជាក់ថា៖” យើងខ្ញុំក៏ជឿជាក់ថា មហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ ឧស្សាហកម្មលើកនេះ នឹងក្លាយជាវេទិកា ដ៏សំខាន់សម្រាប់ការផ្ទេរបច្ចេកវិទ្យា ការបង្កើតភាពជាដៃគូ ការភ្ជាប់ណ្តាញធុរកិច្ច និងការបើកទូលាយ ឱកាសវិនិយោគថ្មីៗ ដែលនឹងរួមចំណែក ជំរុញការធ្វើទំនើបកម្មឧស្សាហ កម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក” ។

បើតាមលោករដ្ឋមន្ត្រីថា ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីផ្គូផ្គងធុរកិច្ច (B2B) ដែលផ្តល់ឱកាសឱ្យម្ចាស់រោងចក្រ-សហ គ្រាសផលិតកម្ម និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម បង្កើតទំនាក់ទំនងទំនង និងភាពជាដៃគូជាមួយរោងចក្រ-ស ហគ្រាស ក្នុងវិស័យកម្មន្ត សាលក្នុងស្រុក។ កិច្ចសហការនេះនឹងជួយពង្រឹងស្ថិរភាព នៃការផ្គត់ផ្គង់វត្ថុធាតុដើម កាត់បន្ថយថ្លៃដើមផលិត កម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់រោងចក្រ និងសហ គ្រាសដែលកំពុងវិនិយោគនៅកម្ពុជា ។
លោកថា អនាគត នៃឧស្សាហកម្មកម្ពុជា មិនអាចសម្រេចបានដោយរាជរដ្ឋាភិបាលតែឯងនោះទេ តែត្រូវការកិច្ចសហ ការពីគ្រប់ភាគី៖ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន វិនិយោគិន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ “ខ្ញុំជឿជាក់ថា តាមរយៈភាពជាដៃគូដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នា យើងនឹងអាចកសាងខឿនឧស្សាហកម្មកម្ពុ ជាដែលកាន់តែមានភាពប្រកួតប្រជែង ភាពធន់ នវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់ សម្រាប់សេដ្ឋកិច្ចជាតិ ។ រាជរដ្ឋាភិបាល នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រ និងត្រួសត្រាយផ្លូវសម្រាប់ពង្រឹង និងពង្រីក មូលដ្ឋានគ្រឹះនៃឧស្សាហូបនីយកម្ម”។
ចំណែកលោក Lee Allen ប្រធានសមាគមន៍លើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជាបានលើកឡើងថាថ្ងៃនេះ មិនមែនគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តមួយផងដែរ ។ នៅក្នុងពេលអនាគត យើងមានគោល បំណងរៀបចំមហាសន្និបាតនេះឱ្យកាន់តែមានទំហំធំឡើង មានគុណភាពខ្ពស់ជាងមុន និងមានឥទ្ធិពលកាន់តែទូលំទូលាយ ដើម្បីសម្រេចបាននូវការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងធ្វើឱ្យមហាសន្និបាតនេះកាន់តែល្អប្រសើរជាបន្តបន្ទាប់ ។

លោកបញ្ជាក់ថា ៖ “ជាមួយគ្នានេះ យើងនឹងបន្តពង្រឹងគុណភាពសេវាកម្ម កែលម្អយន្តការគាំទ្រដល់ការអនុវត្តគម្រោងវិនិយោគ និងជំរុញឱ្យ មហាសន្និបាតនីមួយៗក្លាយជាស្នាដៃដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា ព្រមទាំងជា កម្លាំងដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មរវាងកម្ពុជា និងដៃគូអន្តរជាតិ” ។
ក្នុងឱកាសនោះដែរ លោកស្រី ហ្គាន់ វៃ( Guan Wei)តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថាកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម គឺជាសសរស្តម្ភដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។ ការរៀបចំ «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម» លើកទី១ នាពេលនេះ គឺស្របពេលវេលា និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ នេះមិនត្រឹមតែ ជាវេទិកាសំខាន់ សម្រាប់កម្ពុជា ក្នុងការបង្ហាញសក្តានុពល ឧស្សាហកម្ម និងចែករំលែកទិសដៅអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា ការអនុវត្តថ្មីមួយក្នុងការកសាងវេទិកាតភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជា និងចិនផងដែរ ។
លោកស្រីក៏សង្ឃឹមយ៉ាងមុតមាំថា សហគ្រាស នៃប្រទេសទាំងពីរ នឹងចាប់យកឱកាសនេះ ដើម្បីពង្រឹងការតភ្ជាប់ស្វែងរកឱកាសអាជីវកម្ម តាមរយៈការផ្លាស់ប្តូរ និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងរួមគ្នាសរសេរជំពូកថ្មី នៃកិច្ចសហប្រ តិបត្តិការឧស្សាហកម្មរវាងកម្ពុជា និងចិន ។

លោកស្រីថា កម្ពុជា និងចិនជាប្រទេសជិ តខាងល្អ មិត្តល្អ និងជាសហគមន៍ជោគវាសនារួម ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ សម្លឹងទៅអនាគត ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាគូសវាសប្លង់ថ្មី នៃកិច្ចសហប្រតិបត្តិការ ផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ៕










