លោក ហួត ហាក់ ប្រាប់ភាគីចិន អំពីការលើកលែង ទិដ្ឋាការសាកល្បង ដល់ជនជាតិចិន
ភ្នំពេញ ៖ លោក ហួត ហាក់ ប្រាប់ក្រុមហ៊ុនទេសចរណ៍របស់ចិន អំពីការលើកលែងទិដ្ឋាការសាកល្បង ដល់ប្រជាជនចិន និងលើកឡើង ពីតំបន់សក្តានុពលសំខាន់របស់កម្ពុជា ។

ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក្នុងជំនួបជាមួយលោកស្រី Sun Jie ប្រធានក្រុមហ៊ុន Touch Travel Agency និងជាស្ថានតំណាងក្រសួងទេសចរណ៍ ប្រចាំទីក្រុងសៀងហៃ , លោកស្រី Maggie Yang អនុប្រធានក្រុមហ៊ុន Overseas Destination Marketing និងលោក Romain Woo ស្ថាបនិកក្រុមហ៊ុន Van Hao Sports ដែលជាសហគ្រាសទេសចរណ៍ ប្រកបដោយបទពិសោធ ក្នុងការរៀបចំកញ្ចប់ ទស្សនកិច្ចនាំភ្ញៀវទេសចរចិន ទៅកាន់បណ្តាប្រទេសអាស៊ាន រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានផ្សព្វផ្សាយ អំពីគោលនយោបាយលើកលែងទិដ្ឋាការសាកល្បង ជូនប្រជាជនចិន ព្រមទាំងបានលើកឡើង អំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប កាលានុវត្តភាពវិនិយោគ និងផលិតផលទេសចរណ៍ថ្មីៗ របស់កម្ពុជា ព្រមទាំងបានស្នើសហគ្រាសទេសចរណ៍ធំៗ ទាំង៣បន្តសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច ប្រតិបត្តិការផ្សព្វផ្សាយរួម និងដំណើរទស្សនកិច្ចសិក្សា (FAM Trip) ដើម្បីជំរុញឱ្យភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការនេះ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធនាការ «ការលើកលែងទិដ្ឋាការសាកល្បង» សម្រាប់ប្រជាជនចិនដែលកាន់លិខិតឆ្លងដែន PRC សម្រាប់ការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ ការលើកលែងនេះផ្តល់ការស្នាក់នៅរយៈពេល ១៤ ថ្ងៃ និងមានរយៈពេល ៤ខែ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ គោលបំណងសំខាន់ នៃយន្តការនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិនមកពីប្រទេសចិន៕














