សម្តេចធិបតី ៖ ក្នុងនាមជាប្រទេសហត្ថលេខីដំបូង កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយចិន និងដៃគូអន្តរជាតិ ក្នុងការជំរុញអនាគត Ai ប្រកបដោយនវានុវត្តន៍
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូង លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាព សហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញអនាគតនៃ Ai ប្រកបដោយនវានុវត្តន៍ បរិយាបន្ន សុវត្ថិភាព ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ Ai មិនអាចសម្រេចបានពេញលេញ ដោយការធ្វើសកម្មភាពតែឯកឯងនោះទេ លក្ខណៈឆ្លងដែននៃកាលានុវត្តភាព និងបញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ការទទួលខុសត្រូវរួមគ្នា និងភាពជាដៃគូជាក់ស្តែង ក្នុងស្មារតីនេះ កម្ពុជា ស្វាគមន៍នូវរាល់កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ដែលជួយសម្រួលដល់ការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ការស្រាវជ្រាវរួមគ្នា និងការវិនិយោគប្រកបដោយគោលដៅច្បាស់លាស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ី Ai ដែលកំពុងរីកលូតលាស់ សម្រាប់ទិសដៅអនាគត ។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងថា កម្ពុជា គូសបញ្ជាក់ពីអាទិភាពជាក់ស្តែងចំនួន ៣ដើម្បីតម្រង់ទិសដៅ នៃសកម្មភាពរួមរបស់យើង ទី១៖ យើងត្រូវភ្ជិតគម្លាតឌីជីថល ដោយធានាថា ប្រទេសកំពុងអភិវឌ្ឍមានលទ្ធភាពយ៉ាងពេញលេញ និងសមធម៌ ក្នុងការចាប់យកបច្ចេកវិទ្យា Ai ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍មូលដ្ឋាន ដើម្បីធានាថា គ្មានប្រទេសណាមួយ ត្រូវបានទុកចោលនៅក្នុងយុគសម័យ Ai នេះឡើយ ។ ទី២៖ យើងត្រូវវិនិយោគយ៉ាងខ្លាំងក្លា លើមូលធនមនុស្ស តាមរយៈការផ្តោតលើការអប់រំជំនាញឯកទេស ការលើកកម្ពស់អក្ខរកម្មឌីជីថល ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និងការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែក Ai យើងនឹងអាចពូនជ្រំធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់អនាគត មូលធនមនុស្ស នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់នវានុវត្តន៍ Ai ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន ។ ទី៣៖ យើងត្រូវកសាងក្របខ័ណ្ឌអភិបាលកិច្ច ប្រកបដោយសុភនិឆ្ឆ័យ បរិយាបន្ន ភាពបត់បែន និងភាំពទុកចិត្តបាន យន្តការច្បាប់របស់យើងត្រូវឆ្លើយតប ទៅនឹងពិពិធភាពនៃតម្រូវការសេដ្ឋកិច្ច របស់សង្គមនីមួយៗ ក្របខ័ណ្ឌទាំងនេះ ត្រូវតែការពារសិទ្ធិជាមូលដ្ឋាន ធានាបានននូវការប្រើប្រាស់ Ai ប្រកបដោយក្រមសីលធម៌ និងពង្រឹងទំនុកចិត្តសាធារណៈ តែក៏មិនបង្កជាឧបសគ្គដល់ស្មារតី នៃនវានុវត្តន៍បច្ចេកវិទ្យានោះទេ ។
បន្ថែមលើនេះ សម្តេចធិបតី មានប្រសាសន៍ថា “ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសហត្ថលេខីដំបូង លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាព សហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញអនាគតនៃ Ai ប្រកបដោយនវានុវត្តន៍ បរិយាបន្ន សុវត្ថិភាព និងការគោរពយ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យជាតិ តាមរយៈភាពជាដៃគូដ៏ស្មោះត្រង់ ការកសាងទំនុកចិត្ត ការប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង យើងនឹងរួមគ្នាធានាឱ្យបានថា Ai នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ដើម្បីសម្រេចបាននូវវិបុលភាពរួម និងការកសាងអនាគតដ៏ត្រចះត្រចង់ សម្រាប់មនុស្សជាតិទាំងអស់គ្នា”៕









